រុស្ស៊ីរំពឹងថា នឹងអាចផលិតវ៉ាក់សាំងកូវីដ១៩ នៅខែកញ្ញាខាងមុខ

រុស្ស៊ី៖ នាយកប្រតិបត្តិមូលនិធិ Russian Direct Investment Fund (RDIF) គាំទ្រដោយរដ្ឋាភិបាលរុស្ស៊ីលោក Kirill Dmitriev បានបញ្ជាក់ថា រុស្ស៊ីអាចនឹងមានវ៉ាក់សាំង COVID-19 នៅខែកញ្ញា ឆ្នាំ២០២០ខាងមុខ នេះបើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ទន្ទឹមគ្នា លោក Kirill Dmitriev ក៏បានច្រានចោលការចោទប្រកាន់ពីសំណាក់សហរដ្ឋអាម៉េរិក កាណាដា និងអង់គ្លេស ដែលថា រុស្ស៊ីកំពុងព្យាយាមលួចទិន្ន ន័យពាក់ព័ន្ធនឹងការស្រាវជ្រាវ និង អភិវឌ្ឍវ៉ាក់សាំងពីបណ្ដាប្រទេសដទៃ ។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីក៏មិនចាំបាច់ត្រូវលួចព័ត៌មានវ៉ាក់សាំង COVID-19 នោះដែរ ដ្បិតរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន AstraZeneca មានមូលដ្ឋានក្នុងអង់គ្លេស ដើម្បីផលិតវ៉ាក់សាំង នៅឯក្រុមហ៊ុនឱសថដ៏ធំមួយរបស់រុស្ស៊ី R-Pharm ។
យ៉ាងណាមិញ ក្រុមហ៊ុន AstraZeneca មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញការអះអាងរបស់លោក Kirill Dmitriev ខណៈក្រុមអ្នកជំនាញលោកខាងលិចដូចជាលោក Peter Shapiro ជាអ្នកវិភាគឱសថមកពីក្រុមហ៊ុន GlobalData នៅតែមានមន្ទិលសង្ស័យពីសមត្ថភាពរបស់រុស្ស៊ី ក្នុងការផលិតវ៉ាក់សាំងដោយខ្លួនឯង នៅខែកញ្ញាខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។