ភ្លើង​ឆេះ​រោង​គោ ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​

​ខេត្តសៀមរាប​៖ កាលពី​យប់ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​អគ្គិភ័យ​ឆេះ​រោង​ដាក់​គោ ស្ថិតនៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន សំណាង​គ្មាន​អ្នករងគ្រោះ​។

​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ បានឱ្យដឹងថា រោង​គោ​ខាងលើ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​២៥​ម៉ែត្រ បាន​ឆេះ​គោយន្ត​កន្ត្រៃ​យ៍​ចំនួន ២​គ្រឿង និង​សំភារ​មួយចំនួនទៀត ជា​របស់​ឈ្មោះ ហ៊ុម ប្រឹង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​។

​សមត្ថកិច្ច បានឱ្យដឹង​ទៀតថា មូលហេតុ​នេះ បណ្ដាលមកពី​ការដុត​ភ្លើង​បំពក់​សត្វ​គោ​ទុកចោល ដើម្បី​កុំ​ឲ្យ​មូស​ខាំ​គោ ដោយ​មិនបាន​ស្នាក់នៅ​ជាមួយ​។

ករណីនេះ សមត្ថកិច្ច បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​០២​គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​០១​គ្រឿង និង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចំនួន​០១​គ្រឿង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close