ក្រសួងសាធារណការ គ្រោងចំណាយទឹកប្រាក់ជាង ៥លានដុល្លារ សាងសង់ទីលានចាក់សំរាម ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន បើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពអនុគម្រោងសាងសង់ទីលានចាក់សំរាម ក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌថវិកាជាតិ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្ត ព្រះសីហនុដែលអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុងទំហំទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ដុល្លារសហអាមេរិក ជាថវិកាជាតិសម្រាប់ឆ្នាំ២០២០ មានរយៈពេលសាងសង់១៧ខែ គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លើផ្ទៃដី១៧,៣៣ហិកតា លើផ្ទៃដីសរុប ៥១ ហិកតាដែល រដ្ឋបាលខេត្តព្រះសីហនុផ្តល់ជូន ឋិតនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។
គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល៥ឆ្នាំដំបូង មាន សមត្ថភាពអាចផ្ទុកសំរាមបានចំនួន ៨៨៤.០៨៨ ម៉ែត្រគីប មានរណ្ដៅចំនួនបួន រណ្ដៅនីមួយៗមាន ទទឹងគិតជាមធ្យម១៣០ ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ។
ឯកឧត្ដមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសារសំខាន់នៃការ តាមដាននិងវាយតម្លៃផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីសម្រេចគោលដៅតាមការគ្រោងទុក និងបានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់ទីលានចាក់សំរាម បង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស ដើម្បីធានាឱ្យគម្រោងដំណើរការទៅប្រកបដោយភាពរលូន។
ឯកឧត្ដមអនុរដ្ឋលេខាធិការ បានឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិការបស់ ខ្លួនដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាលភាព សាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។