ស្លាប់​៣​នាក់ ករណី​រថយន្ត​ដឹក​អេតចាយ និង​ម៉ូតូ​ព្រលះ​គ្នា​ពេញទំហឹង នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ​

ខេត្តបន្ទាយមានជ័យ​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ម្នាក់ទៀត ស្លាប់​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹក​អេតចាយ បើក​បុក​ម៉ូតូ​ពេញទំហឹង នៅវេលា​ម៉ោងជាង​៣​ទាបភ្លឺ ថ្ងៃទី​២២ ខែកក្កដា​ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ មានឈ្មោះ យ៉​ត សុ​កាន់​យ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​, ឈ្មោះ អួ​ង វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ និង​ឈ្មោះ សឿត ជីវិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​ប្រភព ថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក MSX ពណ៌​ស ពាក់​ស្លាក លេខ​ប​.​មានជ័យ 1Q-2690 ជិះ​គ្នា​៣​នាក់ ធ្វើដំណើរ​ពី​លិចទៅ​កើត​លុះដល់​ចំណុច​ខាងលើ បាន​រ៉េ​ចង្កូត​ចូល​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ធំ 3A-2367 ដឹក​អេតចាយ ទិសដៅ​ច្រាស​គ្នា បណ្ដាលឱ្យ​រថយន្ត​នោះ​បុក​ម៉ូតូ​ពេញ​មួយ​ទំហឹង មាន​មនុស្ស​ស្លាប់​តែម្តង​។ រីឯ​រថយន្ត បាន​ក្រឡាប់​ធ្លាក់​ផ្លូវ ចាក់​អេតចាយ​ចោល​។​

​ក្រោយពេល​កើតហេតុ នគរបាល​ជំនាញ បាន​ចុះ​ពិនិត្យ និង​បាន​សព​ប្រគល់​សព​ជនរងគ្រោះ​ទាំង​៣​នាក់ ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close