អាជ្ញាធរ រៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានរៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​ការយល់ដឹង​ច្បាស់លាស់ នាំឱ្យ​ការថែទាំ​មាន​ប្រ​សិ​ទ្ឋ​ភាព​” និង​ពិធី​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​តាម​អំណាច​សាលក្រម​ស្ថាពរ និង​ដីកា​សម្រេច​រឹបអូស​រប​ស់ សាលាដំបូង​ខេត្ត​ព្រះសីហនុ សាលាដំបូង​ខេត្តកោះកុង និង​សាលាដំបូង​ខេត្តកំពត ក្រោម​អធិបតីភាព​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដែល​ប្រព្រឹត្តទៅ​នៅលើ​ដី​ឡូ​តិ៍​មួយកន្លែង ក្បែរ​រូបសំណាក​យាយ​ម៉ៅ មាន​ចម្ងាយ​ពី​ច្រកចូល​រមណីយដ្ឋាន​ក្បាលឆាយ​ប្រមាណ ១.០០០ ម៉ែត្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា​បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​សកល និង​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​អាច​បង្ក​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។ ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាពេល​កន្លងមក​មានកា​រវិ​វ​ឌ្ឍ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ ហើយ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​ចាត់ វិធានការ​ពហុ​វិស័យ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​គ្រឿងញៀន​ធ្វើឱ្យ​សភាពការណ៍​គ្រឿងញៀន​ស្ថិតនៅក្នុង​ស្ថានភាព​ដែល​យើង​អាច​គ្រប់គ្រង និង​ត្រួតពិនិត្យបាន​។
​
យន្តការ​នៃ​ការទប់ស្កាត់​គ្រឿងញៀន​ត្រូវបាន​ពិនិត្យ​ពី​ថ្នាក់មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង​ស្រុក​រហូតដល់​ខេត្ត​តាមរយៈ​របាយការណ៍​ប​ញ្ជូ​ន​សារ​ទាន់​ហេតុការណ៍​ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និង​របាយការណ៍​ប្រចាំឆ្នាំ​តែ​ទោះជា​យ៉ាងណាក៏ដោយ​សភាពការណ៍​គ្រឿងញៀន​ដែល​មកពី​ខេត្ត​ផ្សេងៗ​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក ដែល​ជះឥទ្ធិពល​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់ សុខភាព​សាធារណៈ ចាំបាច់​ត្រូវ​ចាត់វិធានការ​ការពារ​ឲ្យ​បាន​ម៉ឹងម៉ាត់ និង​ជាក់លាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​។
​ជាការ​ឆ្លើយតប​យើង​បានរៀបចំ​យុទ្ធសាស្ត្រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បានចាត់ទុក​បញ្ហា​នេះ ជា​បញ្ហា​អាទិភាព​ហើយ​បានរៀបចំ​ផែន​ការកសាង​ប្រតិបត្តិ​ដោយ​ត្រៀមលក្ខណៈ​សម្បត្តិ​ទាំង​ធនធានមនុស្ស​ធនធាន​ហិរញ្ញវត្ថុ លិខិតបទដ្ឋាន​គតិយុត្ត​រចនាសម្ព័ន្ធ ដែលមាន​ការចាត់តាំង​ដឹកនាំ​អនុវត្ត​និង​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ធានា​ឱ្យបាន​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​។​

​ក្នុងឱកាស​នោះ​ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​មានប្រសាសន៍ថា​កន្លែង​ណា​មានប្រើ​ប្រាស់​គ្រឿងញៀន​ច្រើន​នឹងមាន​បទល្មើស​កើត​ច្រើន និង​មាន​បញ្ហា​អសន្តិសុខ​សង្គម​។​ពីមុន​កម្ពុជា​ពីមុន​ជា​កន្លែង​ឆ្លងកាត់​តែ​ប​ច្ចប្ប​ន្ន​បាន​ក្លាយជា​កន្លែង​ផលិត​កែច្នៃ​គ្រឿងញៀន​នៅនឹងកន្លែង​ហើយ​។​ឯកឧត្ដម​បា​បញ្ជាក់ថា​គ្រឿងញៀន បណ្តាលអោយមាន​គ្រោះថ្នាក់​ធំ​៣​យ៉ាង​៖
១.​បំផ្លាញ​ខ្លួនឯង
២.​បំផ្លាញ​គ្រួសារ​និង​សហគមន៍ ៣.​ប្រទេសជាតិ​។​
​វិធានការណ៍​សំខាន់ៗ​៣​ដើម្បី​ប្រឆាំង​គ្រឿងញៀន​៖
១.​ផ្តើមចេញពី​បុគ្គល​ម្នាក់ៗ ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន​។​
២.​គ្រួសារ​និង​សហគមន៍ ត្រូវ​សហការ​ជា​មួ​យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​បង្ក្រាប​ទប់ស្កាត់​សង្គ្រោះ​អ្នកញៀន​ថ្នាំ​បាន​ទាន់ពេលវេលា​។​
៣.​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវបំពេញ​ភារកិច្ច​របស់ខ្លួន​អោយបាន​ត្រឹមត្រូវ​និង​ម៉ឺងម៉ាត់​ដើម្បី​សុខ​សុវត្ថិភាព​ប្រជាជន​យើង​។​

​សូមបញ្ជាក់ថា​ថ្នាំញៀន​ចម្រុះ ដែល​ត្រូវ​ដុត​កំទេចចោល​នៅពេលនេះ​មាន​ចំនួន សរុប​ជាង​៥១ គីឡូក្រាម ដែល​នេះ​ជា​ភស្តុតាង​ជាក់ស្តែង​ក្នុងការ​បង្ក្រាប​របស់​កំ​លាំង​សមត្ថកិច្ច​។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្តេជ្ញា​បង្ការ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឱ្យបាន​ខ្លាំង​ថែមទៀត​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close