តារាសិល្បៈក្រុមគ្រួសារតារាកម្ពុជា បង្កើតភាពសប្បាយរីករាយដល់ពលករនៅប្រទេសថៃ
អង្គការខ្ញុំ សហការជាមួយគ្រួសារតារាកម្ពុជា និងតំណាងពលករនៅក្នុងរោងចក្រធំមួយនៅក្នុងប្រទេសថៃ បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការប្រគំតន្ត្រី ដើម្បីអោយពលករខ្មែរនៅខេត្តនគររាជសីម៉ារាប់រយនាក់ បានរាំសប្បាយ ក្នុងឱកាសស្វាគមន៍ដើមឆ្នាំ២០១៨ ដែលទើបមកដល់។ តារាទាំងនោះ បានបង្កើតបរិយាកាសសប្បាយរីករាយ ដល់ពលករបម្រើការនៅក្នុងរោងចក្រធំមួយ រហូតធ្វើអោយមានការរាំរែកយ៉ាងពេញទំហឹងថែមទៀត។
លោក ស៊ុមឆៃ តំណាងពលករខ្មែរនៅខេត្តនគររាជសីម៉ា បញ្ជាក់ថា ពលករខ្មែរភាគច្រើននៅប្រទេសថៃពុំមានឱកាសមកលេងស្រុកកំណើតជារៀងរាល់ឆ្នាំទេ ទើបលោកស្នើសុំឲ្យមានការជួបជុំមហាគ្រួសារខ្មែរនៅក្រៅស្រុកបែបនេះ ហើយវត្តមានរបស់តារាសិល្បៈកម្ពុជា ដែលបានទៅស្ម័គ្រចិត្តទៅច្រៀងនៅក្នុងពិធីជប់លៀង ញ៉ាំងឲ្យមានការសប្បាយរីករាយដូចនៅស្រុកកំណើត ដែលជារឿងកម្រមួយដែលមិនធ្លាប់កើតឡើង។
លោក Aten ជានិច្ច ម្ចាស់អង្គការខ្ញុំខ្មែរ បានចាប់ដៃជាមួយគ្រួសារតារាកម្ពុជា បានអះអាង ដោយសារតែមានសំណូមពរ ហើយក៍ចង់អោយបងប្អូនពលករនៅក្នុងប្រទេសថៃ ក្រោមការគ្រប់គ្រងរបស់តំណាងពលករ ទទួលបានភាពរីករាយ ជាមួយតារាចម្រៀងខ្មែរ ទើបលោកសម្រេចចិត្តរៀបចំការចាត់ចែងនោះ ដោយការរ៉ាប់រងលើតារាពីកម្ពុជា ដែលស្ម័គ្រចិត្តទៅជួយគឺជាបន្ទុកផ្ទាល់ខ្លួនរបស់លោក។ លោកមានបំណងតែមួយគត់ គឺចង់អោយពលករខ្មែរបានញញឹម បានសប្បាយ ក្នុងឱកាសឃ្លាតស្រុក ហើយអ្វីដែលលោកចង់បាន ក៍ចង់ដឹកនាំតារាមួយចំនួនពីប្រទេសកម្ពុជា អោយមានឱកាសបានឃើញដោយផ្ទាល់ពីការរស់នៅ និងពីសភាពរបស់ពលករខ្មែរនៅក្នុងប្រទេសថៃ។
គួរបញ្ជាក់ថា តារាកម្ពុជាដែលបានទៅច្រៀងនៅទីនោះ សុទ្ធតែបានអ្នកចូល ទទួលការស្វាគមន៍យ៉ាងមានកិត្តិយសលើសពីការបង្ហាញខ្លួនរបស់តារាទាំងនោះនៅក្នុងកម្មវិធីខ្លះនៅក្នុងស្រុកឆ្ងាយណាស់។ ជាក់ស្ដែងក្រុមពលករខ្មែរ ក៍បានឡើងរាំយ៉ាងណែនវេទិកា ធ្វើអោយតារាដែលបានបង្ហាញខ្លួនកាន់តែមានកម្លាំងចិត្តនោះផង។ តារាដែលបានទៅច្រៀងនៅទីនោះរួមមាន កញ្ញា អ៊ុង នីនិច លោក ស៊ឹម ស៊ីណាត ក្រុមចម្រៀងរបស់អ្នកនាងខាត់ សុឃីម សមាជិកគ្រួសារតារាកម្ពុជា និង លោក ហាក់ ធៀនមុន្នី និង លោក ខៀវ ប៊ុនលាភ ព្រមទាំងតារាចម្រៀងជាច្រើនរូបទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។