កញ្ញា ស៊ូ ស៊ីរីកា ក្លាយជាតំណាងព្រឹត្តិការណ៍មហោស្រពកវីនិពន្ធ
កាលពីពេលថ្មីៗនេះ មានការរៀបចំសន្និសិទ្ធសារព័ត៌មាននៅផ្សារកុងតឺនឺរទួលសង្កែ ស្តីពីព្រឹត្តិការណ៍កវីនិពន្ធប្រចាំឆ្នាំ២០១៨នេះ ដោយបានប្រកាសឲ្យដឹងថា កញ្ញា ស៊ូ ស៊ីរីកា នឹងក្លាយជាតំណាងព្រឹត្តិការណ៍មួយនេះ ដោយកញ្ញានឹងមានវត្តមានបកស្រាយចម្រៀងនៅក្នុងព្រឹត្តិការណ៍ និងដើរតួរនាទីជាអ្នកបំផុសព្រឹត្តិការណ៍មួយនេះដើម្បីលើកទឹកចិត្តអ្នកនិពន្ធ និងស្នាដៃរបស់អ្នកនិពន្ធថែមទៀត។
លោក ហម សុខនី អ្នករៀបចំព្រឹត្តិការណ៍មហោស្រពកវីនិពន្ធ បានថ្លែងប្រាប់ថា នេះមិនមែនជាលើកទី១ទេ ដែលរពិព័រណ៌ស្នាដៃតែងនិពន្ធដែលបានធ្វើឡើង តែជាលើកដំបូងដែលផ្សារភ្ជាប់ជាមួយសិល្បករ ក្នុងនោះបានជ្រើសរើសកញ្ញា ស៊ូ ស៊ីរីកា ជាតារាចម្រៀងផលិតកម្មថោន ធ្វើជាតំណាង គឺដើម្បីឲ្យកាន់តែមានការចាប់អារម្មណ៍កាន់តែច្រើនឡើងថែមទៀត។
ក្នុងព្រឹតិ្តការណ៍នេះ នឹងមានស្នាដៃតែងនិពន្ធរបស់កវីនិពន្ធស្ទើរគ្រប់ស្នាដៃ ដាក់តាំងបង្ហាញ ដោយមានទាំងម្ចាស់ស្នាដៃចូលរួមអត្ថធិប្បាយ ចែករំលែកបទពិសោធន៍និពន្ធដោយផ្ទាល់នៅតាមស្តង់និមួយៗ។
កញ្ញា ស៊ូ ស៊ីរីកា បានអះអាងថា កញ្ញាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ស្របពេលដែលកញ្ញាបង្ហាញខ្លួន ដោយត្រូវបានជ្រើសរើសជាតំណាងព្រឹត្តិការណ៍នេះ។ កញ្ញាថា នឹងប្រើបណ្តាញសង្គម និងការផ្សព្វផ្សាយនានាដើម្បីឲ្យកាន់តែផុលផូសក្នុងការចូលរួមនៅថ្ងៃទី១៤ ខែមករា ដែលជាថ្ងៃព្រឹត្តិការណ៍តែងនិពន្ធប្រចាំសាលាតិចណូ ឲ្យកាន់តែមានអ្នកចូលរួមកាន់តែច្រើនឡើងថែមទៀត។ នៅក្នុងនោះកញ្ញានឹងលើកយកបទចម្រៀងថ្មីៗ និងបទចម្រៀងដែលទទួលបានការគាំទ្រមកច្រៀងនាព្រឹត្តិការណ៍នោះថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។