ឧទ្យាន​ជាតិ​វីរៈ​ជ័យ សក្តានុពល​បែប​ធម្មជាតិ កំពុង​រងចាំ​ភ្ញៀវទេសចរ​

​ខេត្ត​រតនៈគីរី​៖ ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនៈគីរី និង​ខេត្តស្ទឹងត្រែង​ដែលមាន​ផ្ទៃដី​ចំនួន​៣៣២.៥០០ ហិកតា​។ បើ​យើង​និយាយ​ពី​សក្តានុពល​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​នៃ​ភូមិសាស្ត្រ​ខេត្ត​ប៉ែក​ឦ​សាន្ត​មួយ​នេះ ធម្មជាតិ​ក្នុងព្រៃ និង​តាម​ដងអូ រួមទាំង​សត្វព្រៃ​គឺជា​អ្វីដែល​ធ្វើឱ្យ​ឧទ្យាន​ជាតិ​មួយ​នេះ​មាន​សម្រស់​ស្រស់ត្រកាល​បង្អួត​អ្នក​ដែល​បាន​ទស្សនា និង​រងចាំ​ភ្ញៀវទេសចរ​ដែល​ហ៊ាន​ប្រជែង​មើល​សម្រស់​ដ៏​ត្រកាល​។​

​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ សត្វព្រៃ​ជាច្រើន​កំពុង​សំងំ​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​ដែលមាន​ដូចជា សត្វ​ស្វា កន្ទុយ​សរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លា​ពពក ខ្ទីង និង ខ្លាឃ្មុំ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅពេលដែល​ចូលទៅ​ព្រៃ​ជ្រៅ​នោះ​មាន​ទឹកជ្រោះ​មួយ​ហៅថា​(​ទឹកជ្រោះ​យក្ស​កែ​)​នៅ​រដូវវស្សា​ទឹកធ្លាក់​នោះ ស្អាត​ណាស់​ហើយ​ថ្លា​មែនទែន​ដែល​គួរ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដែលមាន​ទឹក​គ្រប់គ្រាន់​សំរាប់​ការលេង​យ៉ាង​សប្បាយ​។ ដើម្បី​ទៅដល់​ទីតាំង​កំសាន្ត​នេះ អ្នកទេសចរ​ត្រូវធ្វើ​ដំណើរ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ស្រុក​តា​វែង​ទៅដល់​ភូមិ​មណ្ឌល​យ៉​ន​ដែល​អ្នកទេសចរ​ត្រូវ​ឆ្លងកាត់​ទន្លេសេសាន និង​អូរ​តា​បូ​កនៅ​ទីនោះ​ហើយ​ដែល​អ្នកទេសចរ​អាច​មើលឃើញ​ផ្កា​ព្រៃ ទេសភាព​តាម​ដងព្រៃ​ជាដើម​។​

​ដោយឡែក​នៅក្នុង​តំបន់​ស្រស់ត្រកាល​នេះ ជនជាតិដើម​ភាគតិច​ព្រៅ គឺជា​ម្ចាស់​ស្រុក​ដែល​នឹងធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ដែល​ផ្តល​ការ​ស្នាក់នៅ​ដោយ​ផាសុខភាព​បែប​ជនជាតិ និង​ការរីករាយ​ជាមួយ​វប្បធម៌​ប្រពៃណី ម្ហូបអាហារ និង​ស្រា​ពាង​របស់​ជនជាតិដើម​ព្រៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close