អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បើក​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈី​ក​

​ខេត្តបន្ទាយមានជ័យ​៖ កាលពី​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​ក្រុង ស្រុក មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរពេទ្យ​ខេត្ត ស្រុក ដើម្បី​ដាក់ចេញ​ផែនការ​អនុវត្ត​យុទ្ធនា​ការចុះ​អប់រំ​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដាក់​បាណក់​ឃាត​(​អា​បែ​ត​) នៅ​ភូមិ​គោលដៅ ជាការ​អ​ន្តា​គម​ន៍ ទប់ស្កាត់​ជម្ងឺ​គ្រុន​ឈី​ក​(Chikungunya) និង​ជម្ងឺគ្រុនឈាម​ដែល ភ្នាក់ងារ​ចម្លង​គឺ​មូស​ខ្លា ទូទាំង ០៩ ក្រុង ស្រុក ដោយ​ចាប់ផ្តើម​ពីថ្ងៃ​នេះ​ទៅ ។​

​លោក ឡេ ចន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ក្រុម​កា​ងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បន្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា នៅ​ភូមិ​គោលដៅ ក្នុង​ក្រុង​ប៉ោយប៉ែត ជា​ផ្នែក​មួយ​នៃ​ការ​អ​ន្តា​គម​ន៍ ទប់ស្កាត់​ជម្ងឺ​គ្រុន​ឈី​ក​(Chikungunya) និង​ជម្ងឺគ្រុនឈាម​ដែល​ភ្នាក់ងារ​ចម្លង​គឺ​មូស​ខ្លា​ម្តង​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​កិច្ចប្រជុំ​ចប់​ក្រុមការងារ​នឹង​បន្ត​យុទ្ធនា​ការចុះ​អប់រំ​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដាក់​បាណក់​ឃាត​(​អា​បែ​ត​) បន្ថែមទៀត តាម​ផែនការ​នៃ​កិច្ចប្រជុំ​បន្ទាន់​ថ្ងៃនេះ ។​

​លោក​វេជ្ជៈបណ្ឌិត រឿន សុធី ប្រធានការិយាល័យ​បច្ចេកទេស​មន្ទីរ​សុខាភិបាល បានបញ្ជាក់​ឲ្យ​ដឹងថា ជំងឺ​គ្រុន​ឈី​ក​បង្កឡើង​ដោយ​វីរុស​ឈី​ក​តាមរយៈ​មូស​ខ្លា ជំងឺ​នេះ​បង្ក​ឡើងលើ​មនុស្ស​គ្រប់​វ័យ​។ រោគសញ្ញា​មាន​សញ្ញា​សំខាន់ ០៣ គឺ ១.​គ្រុនក្តៅ​៣​ទៅ ៤​ថ្ងៃ .២.​ឈឺសន្លាក់​ឆ្អឹង​ជាច្រើន​កន្លែង និង មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក ។​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​នោះទេ លើកលែង​តែមាន​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់​ឬ​ជំងឺ​រលាក​ស្រោម ខួរ​ជាដើម ។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត សូម​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ការផ្ទុះ​ឡើងវិញ នូវ​ជម្ងឺ​គ្រុន​ឈី​ក​នេះ ដោយ​ត្រូវ​ចូលរួម​សហការ​អនុវត្ត​នូវ វិធានការ​បំបាត់​ជម្រក​មូស​ខ្លា សំអាត​អនាម័យ​បរិស្ថាន​តាម​ផ្ទះសម្បែង គេង​ក្នុង​មុង និង​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ទទួលយក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បំផុត​។​

​សូមមេត្តា​ចូលរួម​ផ្តល់​ព​ត៏​មាន ជូនទៅ​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ មេភូមិ និង​អាជ្ញាធរ​មូលដ្ឋាន អំពី បញ្ហា​ជម្ងឺ ឬ​ព​ត៏​មាន​សុខភាព​ផ្សេងៗ ដើម្បី​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ស្រុក​ប្រតិបត្តិ មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ជួយ​អ​ន្តា​គម​ន៊៍​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close