ឃាត់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់ ពីបទ​ឆបោក​មាស ក្នុង​ផ្សារ​សាមគ្គី​ក្រគរ នៅ​ស្រុក​ក្រគរ​

​ខេត្តពោធិ៍សាត់​៖ នគរបាល​ស្រុក​ក្រគរ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​ឆបោក​មាស​របស់​អាជីវ​ករ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សារ​សាមគ្គី​ក្រគរ ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​ជនរងគ្រោះ​ឈ្មោះ ឡេង គឹម​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ជា​អាជីវករ​លក់​មាស នៅ​ភូមិ​ផ្សារ​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ជនសង្ស័យ​ឈ្មោះ ង្វៀង ធី​ទៀង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រក​ដ នៅផ្ទះ​បណ្ដែត​ទឹក​នៅ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​ជនរងគ្រោះ និយាយថា មុនពេល​កើតហេតុ​គាត់ កំពុង​អង្គុយ​លក់​មាស និង​ដូរ​លុយ នៅក្នុង​តូប​ផ្សារ​សាមគ្គី​ក្រគរ ក៏មាន​ជនសង្ស័យ បាន​យក​មាស​កាឡៃ មក​ដូរ​នឹង​ខ្សែក​របស់គាត់​ទម្ងន់​១​តម្លឹង​មាស​សុទ្ធ ដោយ​ឃើញ​មិន​ប្រក្រតី គាត់​ក៏​ស្ទុះ​ចាប់​កអាវ​ស្ត្រី​ម្នាក់នេះ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close