Angelina Jolie អាច​នឹង​ត្រៀមខ្លួន​ធ្វើជា​ប្រធាន មហោស្រព​ភាពយន្ត​អន្តរជាតិ កម្ពុជា​ជាថ្មី​

​តារា​ហូលីវូដ អ្នកស្រី Angelina Jolie អាច​នឹង​ធ្វើជា​ប្រធានកិត្តិយស មហោស្រព​ភាពយន្ត អន្តរជាតិ កម្ពុជា ជាថ្មី​ម្ដងទៀត នាពេល​ឆាប់ៗ ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់ ពី​លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន សិល្បៈ​ភាពយន្ត និង​ជា​តំណាង ឱ្យ​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​មហោស្រព ភាពយន្ត​អន្តរជាតិ កម្ពុជា លើក​ទី​៨​នេះ​។

​លោក ប៉ុក បូរ​ក្ស បានឱ្យដឹងថា ៖”​ឆ្នាំមុន​យើង​មាន​លោកស្រី Angelina Jolie ជា​ប្រធានកិត្តិយស ក្នុង​មហោស្រព​នេះ ដោយមាន​ផលិតករ បរទេស​ជាច្រើន បាន​អញ្ជើញ​ចូលរួម ព្រោះតែ​កេរ្តិ៍ឈ្មោះ​ល្បី របស់គាត់​។ ដូច្នេះហើយ មហោស្រព​ភាពយន្ត ឆ្នាំនេះ យើង​រំពឹងថា គាត់​នឹង​គាំទ្រ មហោស្រព​នេះ ជាថ្មី​ម្ដងទៀត​”​។​

​សូមបញ្ជាក់ថា រហូតមក​ទល់នឹង​ពេលនេះ មាន​ផលិតករ មកពី​ជុំវិញ ពិភពលោក ប្រមាណ​ជា ៣០​ប្រទេស បាន​ចុះឈ្មោះ​ចូលរួម ហើយ​ចំនួន​នេះ គឺមាន​ប្រហាក់ប្រហែល នឹង​ឆ្នាំមុន ទាំង​មហោស្រព​នេះ មិនទាន់​បិទ​បញ្ជី ជា​ផ្លូវការ​ផង​។

​មហោស្រព​ភាពយន្ត អន្តរជាតិ កម្ពុជា លើក​ទី​៨ នឹង​រៀបចំ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ ខាងមុខ​។ មហោស្រព ភាពយន្ត អន្តរជាតិ កម្ពុជា​នេះ បាន​ជួយ​ជ្រោមជ្រែង​ច្រើន ឱ្យ​វិស័យ​ភាពយន្ត កម្ពុជា ទទួលបាន​ផ្លែផ្កា នាពេល​បច្ចុប្បន្ន បន្ទាប់ពី​វត្តមាន អ្នកស្រី Angelina Jolie ចូលរួម​។ ឆ្នាំនេះ​មហោស្រព រំពឹង​វត្តមាន តារា​ហូលីវូដ ល្បីឈ្មោះ​រូបនេះ ចូលរួម​ជាថ្មី ម្ដងទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close