Jailbreak” ក្លាយជាភាពយន្តខ្មែរដំបូងបញ្ចាំងនៅហុងកុង

ខ្សែភាពយន្តខ្មែរបែបវាយតប់ “Jailbreak” បានក្លាយជាភាពយន្តខ្មែរដំបូងដែលបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងហុងកុង។ ក្រោយពីបានធ្វើការចាក់បញ្ចាំងទូទាំងប្រទេសកាលពីខែមករាឆ្នាំមុននេះ ភាពយន្តខ្មែរមួយនេះក៏ត្រូវបានចាក់បញ្ចាំងនៅតាមបណ្តាប្រទេសក្នុងតំបន់កាលពីឆ្នាំទៅ ដូចជាទ្បាវ ម៉ាទ្បេស៊ីផងដែរ។

ឥទ្បូវនេះ ភាពយន្តនេះក៏បានឈានជើងចូលទៅក្នុងទីផ្សារហុងកុង បន្ទាប់ពីទទួលបានការជ្រើសរើសនៅក្នុងមហោស្រពភាពយន្តអាស៊ីហុងកុងប្រចាំឆ្នាំ 2017 សម្រាប់ការចាក់បញ្ចាំងនាពេលរាត្រី។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះ ភាពយន្តនេះក៏បានបើកទំព័រថ្មីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រភាពយន្តហុងកុង ដោយបានក្លាយជាភាពយន្តខ្មែរដំបូងដែលទទួលបានការចាក់បញ្ចាំងជាផ្លូវការនៅលើផ្ទាំងសំពត់សនៅក្នុងទីក្រុងហុងកុង។

ក្រៅពីការចាក់បញ្ចាំងនៅក្នុងហុងកុងនេះ “Jailbreak” ក៏បានឈានចូលទៅក្នុងទីផ្សារម៉ាកាវក្លាយជាភាពយន្តដំបូងពីប្រទេសកម្ពុជាដូចគ្នា។

គួរបញ្ជាក់ផងដែរថា “Jailbreak” ដឹកនាំដោយផលិតករជនជាតិអ៊ីតាលីនៅកម្ពុជា លោក Jimmy Henderson និងចូលរួមសម្តែងដោយតួអង្គជំនួសនៅហូទ្បីវូដជនជាតិខ្មែរកាត់បារាំង Jean-Paul Ly ជាតួអង្គឯក រួមមានអ្នកឯកទេសផ្នែកក្បាច់គុណល្បុកត្តោ លោកអ៊ួរ ដារ៉ា និងជើងឯក MMA កញ្ញា សម ថារត្ន។

ភាពយន្តនេះមានសាច់រឿងនិយាយពីប៉ូលិសមួយក្រុមទទួលបញ្ជាដើម្បីដឹកនាំឧក្រិដ្ឋជនដែលជាមេជើងកាងចូលទៅក្នុងគុកដែលមានសុវត្ថិភាពតឹងតែងបំផុត។ ការបះបោរក៏ចាប់ផ្តើមធ្លាយនៅក្នុងគុកនៅពេលដែល មេជើងកាងម្នាក់នោះញុះញង់ឲ្យគេវាយគាត់ ធ្វើឲ្យក្រុមប៉ូលិសបង្ខំចិត្តត្រូវការពារគាត់ និងព្យាយាមរត់រកផ្លូវចេញផងដែរ។

ចាប់តាំងពីការចាក់បញ្ចាំងកាលពីឆ្នាំទៅក្នុងប្រទេសកម្ពុជាហើយនោះ ភាពយន្តនេះក៏ទទួលបានការចាក់បញ្ចាំងនៅតាមមហោស្រពភាពយន្តជាច្រើនរួមមាន មហោស្រពភាពយន្តអន្តរជាតិ Fantasia 2017 នៅក្នុងប្រទេសអ៊ីតាលី មហោស្រពភាពយន្តអន្តរជាតិសាហ្គារពួរឆ្នាំ 2017 និងមហោស្រពភាពយន្តទ្បួងប្រាបាំងនៅក្នុងប្រទេសទ្បាវ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close