ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ករណីគ្រោះថ្នាក់រចរាចណ៍ម៉ូតូ២គ្រឿងបុកគ្នា នៅស្រុកបសេដ្ឋ
ខេត្តកំពង់ស្ពឺ៖ កាលពីល្ងាច ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ នៅចំណុចភូមិព្រេច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បើតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ១គ្រឿង ម៉ាក់ហុងដា ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1CX-9157 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បុកយ៉ាងពេញទំហឹងជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកអ៊ិចសង់ទ័ គ្មានផ្លាកលេខ ជិះគ្នា២នាក់ បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីទាំងសងខាង ស្លាប់ និងរបួសតែម្តង។
ជនរងគ្រោះ ឈ្មោះ គង់ សុខគា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (របួសធ្ងន់) និងឈ្មោះ ចេវ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់) រីឯម្ខាងទៀតឈ្មោះ សួន វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិបឹងសង្កែ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់)។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាង ជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ រងចាំដោះស្រាយបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។