មន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដាក់ឲ្យដំណើរការនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
ខេត្តសៀមរាប៖ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្រោមការជួយជ្រោមជ្រែង ពីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២៧ ខែកក្កដានេះ តទៅ មន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងដាក់ឲ្យដំណើរការដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ដែលបានជួយសម្រួលដល់ការធ្វើតេស្តរកមេរោគកូវីដ១៩ នៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង មិនចាំបាច់ពិបាក់យកសំណាកទៅធ្វើតេស្តនៅឯភ្នំពេញទៀតឡើយ ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍ទៀតថា យើងបានរៀបចំឲ្យមន្ទីរពិសោធន៍នេះ ឲ្យមានលក្ខណៈស្ដង់ដារនៅក្នុងការការពារការចម្លងរោគ ដែលនៅពេលនេះ យើងមានម៉ាស៊ីនថ្មី និងបានបញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងការធ្វើតេស្តផងដែរ រីឯការចាប់ផ្ដើមដំណើរការចំពោះមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩នេះ នឹងមានការចូលរួមពីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកផងដែរ ដើម្បីធ្វើតេស្តដល់អ្នកដែលមានការសង្ស័យ និងប៉ះពាល់ជាមួយអ្នកផ្ទុកមេរោគកូវីដ ១៩ ។
គួររំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ២២៥នាក់ ក្នុងនោះស្ត្រីចំនួន ៤៦នាក់ , អ្នកព្យាបាលជាសះស្បើយមានចំនួន ១៤៧នាក់ ក្នុងនោះស្ត្រីចំនួន ៣៩នាក់ និង អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧៨នាក់ ក្នុងនោះកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន ៥នាក់ , នៅមណ្ឌលសុខភាពចាក់អង្រែចំនួន ៥៦នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន ១៥នាក់។
រីឯអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ សម្រាក់ព្យាបាលនៅស្ថានទូតអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។