ឯកឧត្តម ប៉ាន សូរស័ក្តិ សម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ថ្មី
កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពាណិជ្ជកម្មដ៏ថ្មីស្រឡាងមួយនៅខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ពិធីសម្ពោធអគារថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំ និងស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។