អ្នកជំនាញ បង្ហាញថា បដិមា​ដែល​ប្រទះឃើញ នៅ​ប្រាសាទអង្គរវត្ត គឺ​មិនមែន​ជាការ​កប់​ចោល​ទេ​

​សៀមរាប​៖ កាលពី​ថ្ងៃទី​២៧ កក្កដា ឆ្នាំ​២០២០ នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​បាឋកថា​ស្ដីពី «​ព្រះពុទ្ធ​បដិមា​នៅ​អង្គរវត្ត​» ដើម្បី​ចែករំលែក​ជុំវិញ​ការងារ​ដែល​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​ព្រះពុទ្ធ​បដិមា​ច្រើន​អង្គ ក្នុង​រណ្ដៅ​ដី​នៅ​ជ្រុង​និរតី​នៃ​ប្រាសាទអង្គរវត្ត​។ តាម​បទ​បង្ហាញ​របស់​ក្រុម​អ្នកជំនាញ បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ថា ការ​កប់​នេះ​មិនមែន​ជាការ​កប់​ចោល​លេងៗ​នោះទេ តែ​ជាការ​រៀបចំ​ត្រឹមត្រូវ និង​ដោយ​ការគោរព​ចំពោះ​បដិមា​ទាំងនោះ​។​

​បុរាណ​វិទូ លោកស្រី ភិន វិជ្ជា​សច្ច​រ៉ា អំឡុង​ពេលធ្វើ​បាឋកថា​បាន​រៀបរាប់ថា តាម​ការសិក្សា​យ៉ាង​លម្អិត និង​ត្រួតពិនិត្យ​នៅក្នុង​រណ្ដៅ​កប់​បំណែក​ព្រះពុទ្ធ​បដិមា ឃើញថា​ការ​កប់​នេះ​មិនមែន​ជាការ​កប់​បោះចោល​នោះទេ​។ លោកស្រី​ពន្យល់ថា ការ​កប់​នេះ​គឺមាន​ការយកចិត្តទុកដាក់​បំផុត ដោយមាន​ការ​កប់​ជា​ដំណាក់ៗ​និង​ដោយ​ព្រឹ​ត្ត​ព្រៀង​បំផុត​ដើម្បី​ចំណេញ​ទីតាំង​។​

​លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ពន្យល់​បន្ថែមថា ជាទូទៅ​សម្រាប់​អ្នកមាន​ជំនឿ​ដែល​ជឿ​លើ​បដិមា​ដែល​ស័ក្ដិសិទ្ធិ​ទាំងនោះ គឺ​តែង​រៀបចំ​រូប​ដែល​បាក់បែក​នៅ​កន្លែង​ទីតាំង​សមរម្យ តែ​មិនមែន​មានន័យថា​បោះចោល​ទេ​។ តួយ៉ាង​ករណី​នៅ​ប្រាសាទអង្គរវត្ត​នេះ គឺ​ចាស់​បុរាណ​សម័យមុន​ទុកដាក់​រៀបចំ​កប់​ត្រឹមត្រូវ និង​ដោយ​ការគោរព​វត្ថុ​ទាំងនោះ​។​

​គួររំលឹកថា នៅ​ពាក់កណ្ដាល​ខែមេសា ឆ្នាំ​២០២០ ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ក្នុង​គម្រោង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្មៅ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត បាន​ប្រទះឃើញ​បំណែក​ព្រះ​ពុទ្ធបដិមា​ច្រើន​អង្គ​ក្នុង​រណ្ដៅ​រួមមួយ​។ បំណែក​ទាំងនោះ​មាន ដងខ្លួន​ព្រះពុទ្ធ​បដិមា​សម័យ​ក្រោយ​អង្គរ បំណែក​រូប​សិល្បៈ សម្ភារ​ប្រើប្រាស់ កាំបិទ ដប​។​ល​។ ដែល​តាម​ការសន្និដ្ឋាន​រូប​ទាំងនោះ​ត្រូវបាន​នាំយក​ពី​រូត​ព្រះ​ពាន់ និង​តាម​ការសន្និដ្ឋាន ការ​កប់​នេះ​អាចធ្វើ​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៨០​ប៉ុណ្ណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close