ឯកឧត្តម ស៊ុន ចាន់ថុល នាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធ ៥គ្រឿង ជូនដល់មន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ជូនមន្ទីរពេទ្យកាល់ម៉ែត ដោយមានការអញ្ជើញ ចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមន្ត្រី រាជការក្រោមឱវាទមន្ទីរពេទ្យផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ម៉ាស៊ីននេះអាចផ្តល់អត្ថប្រយោជន៍សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ជួយឱ្យពួកគាត់អាចសន្សំសំចៃថវិកា បានមួយចំណែក និងបានបន្ថែមថា៖ ម៉ាស៊ីននេះក៏អាចយកទៅប្រើប្រាស់បាននៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពរបស់បណ្ដាភូមិ ឃុំ ស្រុកទាំងឡាយណាដែលខ្វះខាតទឹកប្រើប្រាស់បានផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ម៉ាស៊ីននេះ បានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន ១គ្រឿង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈចំនួន ១គ្រឿង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ១គ្រឿង និងកាកបាទក្រហមកម្ពុជាចំនួន ១គ្រឿង (រួមជាមួយនឹងរថយន្តចល័ត និងម៉ាស៊ីងភ្លើង មួយឈុតដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាច ជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់។
សូមជម្របថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០លីត្រ ក្នុងមួយថ្ងៃ ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹក ប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់ កាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។