ផ្អាក​អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍ ៣​កន្លែង​ទៀត ក្នុង​ក្រុង​សៀមរាប​

​សៀមរាប​៖ កាលពី​យប់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​ក្រុង​សៀមរាប បាន​បន្ត​ចុះ​ផ្អាក​សកម្មភាព​ទីតាំង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ បៀរហ្គាឌិន (​មាន​បន្ទប់​ខារ៉ាអូខេ​)​ចំនួន ៣​កន្លែង​ទៀត មាន​ទីតាំងនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​មិនមាន​ច្បាប់​អនុញ្ញាត និង​អាជ្ញាប័ណ្ណ​ហួស​សុពលភាព ដែល​លួច​បើក​អាជីវកម្ម​ល្មើ​សនឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងដំណាក់កាល​នៃ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩​។​

​ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញាធរ បានធ្វើ​កំណត់ហេតុ និង​ណែនាំ​អោយ​ម្ចាស់​អាជីវកម្ម​ផ្អាក​អាជីវកម្ម​របស់ខ្លួន និង​ដាក់ពាក្យ​ស្នើ​ស៉ំ​ច្បាប់​នៅ​ច្រកចេញចូល​តែមួយ​រដ្ឋបាលខេត្ត និង​អនុវត្តតាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ដើម្បី​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​អោយបាន​ត្រឹមត្រូវ ទើប​អាច​បើក​ដំណើរការ​អាជីវ​កម្មបាន​វិញ​។​

​អាជ្ញាធរ ក៏​សូម​ម្ចាស់​អាជីវកម្ម​បៀរហ្គាឌិន​ក្នុង​ខេត្តសៀមរាប​ទាំងអស់ អញ្ជើញ​ដាក់ពាក្យ​ស្នើ​ស៉ំ​ច្បាប់​នៅ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត និង​អនុវត្តតាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ដើម្បី​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន ទើប​អាច​ប្រកប​អាជីវ​កម្មបាន​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close