ក្រសួង ប្រកាសរកឃើញមន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់ ឆ្លងជំងឺកូវីដ១៩ ខណៈមានអ្នកជាសះស្បើយ៨នាក់ទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១នាក់ និងជាសះស្បើយ០៨នាក់។
សេចក្តីប្រកាសព័ត៌មាននោះ បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជា បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថាន ទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
បុរសរូបនោះជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលលទ្ធផល វិភាគវត្ថុសំណាកលើកទីពីរ ធ្វើនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូ វីដ-១៩ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ នៅក្នុងបន្ទប់មួយដោយឡែក នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីធ្វើការព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកាំង នៃស្ថានទូតនេះ។
ដោយឡែកសម្រាប់អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ដែលបានជាសះស្បើយមានបុរសជនជាតិខ្មែរ០៧នាក់ និងស្ត្រីជនជាតិអាមេរិក០១នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៣៤នាក់ (ស្រី ៤៦នាក់ និងបុរស១៨៨នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៦២នាក់ (ស្រី ៤១នាក់ និងបុរស១២១នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧០នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។