បុរស​ញៀន​ថ្នាំ​ម្នាក់ ខឹង​សុំលុយទិញ​ថ្នាំញៀន​មិនបាន យក​កាំបិត​ចាក់​សុះសាច់​ខ្លួនឯង របួសធ្ងន់​

​បន្ទាយមានជ័យ​៖ យុវជន​ម្នាក់ ដោយសារតែ​អំណាច​ថ្នាំញៀន បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​សុះសាច់​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ករណីនេះ បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រះ​ឈូក​ខាងកើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា យុវជន​ញៀន​ថ្នាំ​នេះ ឈ្មោះ អួ​ង សា​រុំ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ស្រះ​ឈូក​ខាងកើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​បន្តថា ជនរងគ្រោះ ទើប​មកពី​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ មាន​ប្រវត្តិ​ធ្លាប់​ញៀន​ថ្នាំ ហើយក៏​ធ្លាប់​យកទៅ​ព្យាបាល​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ជា​ច្រើនដង​មកហើយ​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​លួច​រត់​ចេញពី​មណ្ឌល​ចិ​ត្តា​ឡី​ស័ក​បាត់អស់​១​ថ្ងៃ ទើប​ចូលមក​ចូល​ផ្ទះ​វិញ ស្រាប់តែ​បាន​យក​កាំបិត​គំរាម​ឪពុកម្តាយ ដើម្បី​យកលុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់ ស្រាប់​
​តែ​ក្រោយមក ជនរងគ្រោះ​យក​កាំបិត​នោះ ចាក់​ខ្លួនឯង​យ៉ាង​សាហាវ ត្រូវ​ចំនួន​៦​កន្លែង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​តែម្តង​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូរី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close