វិស័យទេសចរណ៍ពិភពលោក ខាតបង់ប្រាក់ចំណូល ៣២០ពាន់លានដុល្លារ ដោយសារតែវិបត្តិកូវីដ១៩
អន្តរជាតិ៖ អង្គការសហប្រជាជាតិបានអោយដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ វិបត្តិជម្ងឺ COVID-19 ធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកខាតបង់ប្រាក់ចំណូលអស់៣២០ពាន់លានដុល្លារ ដោយគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ នេះបើតាមសារព័ត៌មាន TRT World។
ស្របពេលដែលវិស័យទេសចរណ៍កំពុងវិលត្រឡប់មកវិញយឺតៗ នៅតាមគោលដៅទេសចរណ៍មួយចំនួននោះ អង្គការសហប្រជាជាតិ បានព្រមានថា វិស័យនេះអាចនឹងប្រឈមមុខនូវការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ ដូចជាការកើនឡើងជាថ្មីនៃការឆ្លងវីរុស ដែលអាចបង្កឱ្យមានការបិទប្រទេសជាថ្មី ។
បើតាមអង្គការទេសចរណ៍ពិភពលោក World Tourism Organisation (WTO)ចំនួនប្រាក់ចំណូលដែលបានខាតបង់ចាប់ពីខែមករា ដល់ខែឧសភាកន្លងទៅ គឺជាការខាតបង់ច្រើនជាង៣ដងក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩។
អង្គការ WTO បន្ថែមថា ការមកដល់របស់ក្រុមអ្នកទេសចរអន្តរជាតិបានធ្លាក់ចុះអស់៣០០លាននាក់ក្នុងអំឡុងពេលនោះ ឬស្មើនឹង៥៦ភាគរយដោយសារការបិទប្រទេសដ៏តឹងរឹង ដែលជាវិធានការការពារការឆ្លងរាលដាលនៃវីរុសនេះ និង បានប៉ះពាលខ្លាំងដល់វិស័យទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។