រថយន្ត​ដឹក​កម្មករ បុក​រុញ​ពីក្រោយ​ម៉ូតូ​២​គ្រឿង ចូល​ក្រោម​រថយន្ត​១​គ្រឿង​ទៀត កិន​ស្លាប់​បុរស​ម្នាក់

​ខេត្តកណ្តាល​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បង្កឡើង​ដោយ​រថយន្ត​២​គ្រឿង បុក​គ្នា និង​បន្ត​បុក​ម៉ូតូ​២​គ្រឿង​ទៀត បណ្តាល​ឲ្យ​បុរស​ម្នាក់ ត្រូវ​រថយន្ត​កិន​ស្លាប់​យ៉ាង​ណោ​ច​អា​ធម៌​។ ករណីនេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០
​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៤ ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី​២​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​
​គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក​ន៉ី​ស​សាន់ ពណ៌​ស គ្មាន​ផ្លាកលេខ​បើក​ឆ្លង​ផ្លូវជើង​ទៅ​ត្បូង នៅ​ចំណុច​ខាងលើ គ្រានោះ​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ាន់ ដឹក​កម្មករ ពណ៌​ស គ្មាន​ផ្លាកលេខ បើក​ពី​លិចទៅ​កើត បាន​បុក​ពីក្រោយ​ម៉ូតូ រុញ​បោក​ផ្ទប់​នឹង​ចំហៀង​ខាងស្ដាំ​កង់​ក្រោយ​រថយន្ត​ដែល​ឆ្លងផ្លូវ កិន​អ្នកបើកបរ​ម៉ូតូ ស្លាប់​តែម្ដង​។​

​ជនរងគ្រោះ​ឈ្មោះ សាត រដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកឡាន​ស្ទួ​ច (​ស្លាប់​) ទីលំនៅ​ភូមិ​ត្រពាំង​ជួន ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ភាគី​ម៉ូតូ​ម្ខាង​ទៀត ឈ្មោះ ផល សុខ​ភឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​រោងចក្រ (​របួសធ្ងន់​) ស្នាក់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ឈ្មោះ ហេង សីហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (​របួសធ្ងន់​) ស្នាក់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​រីឯ​មធ្យោបាយ បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​។ ចំណែក​អ្នកបើករថយន្ត​ទាំង​២ បាន​រត់​គេចខ្លួនបាត់​ស្រមោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close