រដ្ឋាភិបាលជប៉ុន អនុញ្ញាតឲ្យជនបរទេសមានលិខិតបញ្ជាក់ការស្នាក់ នៅចូលប្រទេសខ្លួនវិញ
ជប៉ុន៖ ចាប់ពីសប្តាហ៍ក្រោយទៅ រដ្ឋាភិបាលជប៉ុន នឹងអនុញ្ញាតឲ្យជនបរទេសដែលមានលិខិតបញ្ជាក់ការស្នាក់នៅចូលមកប្រទេសរបស់ខ្លួនវិញ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសជប៉ុន ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសជប៉ុន អ្នកដែលបានចាកចេញពីជប៉ុន មុនពេលប្រទេសទិសដៅពួកគេត្រូវបានដាក់ចូលទៅក្នុងបញ្ជីបម្រាមនោះ នឹងមានសិទ្ធិដាក់ពាក្យសុំត្រលប់មកវិញបាន។
ការអនុវត្តវិធានការនេះ នឹងរាប់ចាប់ពីថ្ងៃទី០៥ ខែសីហាតទៅ។ សម្រាប់អ្នកដែលមានសិទ្ធិនោះ ស្ថានបេសក កម្មការទូតជប៉ុន នឹងចេញលិខិតបញ្ជាក់អោយ ហើយពួកគេនឹងបង្ហាញឲ្យផ្ញើភស្តុតាងថា គ្មានជំងឺ COVID-19 ក្នុងពេល៧២ម៉ោងមុនការហោះហើរ ។
សូមបញ្ជាក់ថា ជប៉ុនបានដាក់បម្រាមលើការអ្នកដំណើរពីតំបន់ និង ប្រទេសជាង១៤០ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងតូក្យូបានបញ្ជាក់ថា ខ្លួននឹងបន្ធូរបន្ថយវិធានការនេះជាបន្តបន្ទាប់វិញ។ តួយ៉ាង កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អាបេ បាននិយាយថា ជប៉ុននឹងបើកកិច្ចពិភាក្សាជាមួយប្រទេសសេដ្ឋកិច្ចអាស៊ីទាំង១២ រួមមាន៖ ចិន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និង កម្ពុជាជាដើម ដើម្បីបើកការធ្វើដំណើរទៅមកឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។