១​ថ្ងៃ​ម្សិលមិញ​! សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​យានយន្ត ៧២០​គ្រឿង

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២០ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា បាន​ត្រួតពិនិត្យ​និង​ផាកពិន័យ​លើ​យានយន្ត​សរុប​ចំនួន ៧២០​គ្រឿង​ទៀត ក្នុងនោះ​មាន​ម៉ូតូ ៥១៤​គ្រឿង និង​រថយន្ត ២០៦​គ្រឿង​។


​បើតាម​ការបញ្ជា​ក់រប​ស់​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា រយៈពេល​៩៤​ថ្ងៃ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ តាម​អនុក្រឹត្យ​លេខ​៣៩ ពោលគឺ​ថ្ងៃទី​០១ ខែឧសភា ដល់​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២០ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ១២៦៨៣៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៩៣៩៦៨​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ ៣២៨៦៥​គ្រឿង​។​

​បទល្មើស​ដែល​ត្រូវបាន​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​ភាគច្រើន​អត់​មួក ល្មើស​សញ្ញា អត់​ស្លាក​លេខ និង​ប្រើប្រាស់​ទូរស័ព្ទដៃ​។ ដោយឡែក​បទល្មើស​សម្រាប់​រថយន្ត គឺ​ភាគច្រើន​លើស​ល្បឿន លើស​ចំណុះ អត់​ខ្សែក្រវាត់ ល្មើស​សញ្ញា អត់​ស្លាក​លេខ ដឹក​លើស​ទម្ងន់ ប្រើប្រាស់​ទូរស័ព្ទ​ជាដើម​។​

​សូមបញ្ជាក់ថា សម្រាប់​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២០​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា ក៏បាន​កើតឡើង​ចំនួន ៤​លើក ក្នុងនោះ​ស្លាប់ ១​នាក់ របួស​៥​នាក់ (​របួសធ្ងន់ ៥​នាក់​)​។ រយៈពេល ៩៤​ថ្ងៃនេះ គ្រោះថ្នាក់​ចរាចរណ៍​សរុប ចំនួន ៧២៣​លើក ក្នុងនោះ​ស្លាប់ ៣៩២​នាក់ របួស ១១២៤​នាក់ (​របួសធ្ងន់ ៦៦០​នាក់​)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close