៧​ខែ ឆ្នាំនេះ សមត្ថកិច្ច​ឃាត់​មនុស្ស​ជាង​១​ម៉ឺន​នាក់ រឹបអូស​គ្រឿងញៀន​ជាង ២៩០​គីឡូក្រាម

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន បាន​បញ្ជាក់ថា រយៈពេល​៧​ខែ ចាប់​គិតពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ទូទាំងប្រទេស បាន​បង្ក្រាប​ករណី​គ្រឿងញៀន​សរុប​ចំនួន​៦,១៦៩​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស ១២,២៧៤​នាក់​។​ ក្នុងចំណោម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង ១២,២៧៤​នាក់​នេះ មាន​ស្រី​ចំនួន​៧៦៤​នាក់ ហើយ​ជនបរទេស​ចំនួន ១៧៨​នាក់ មាន​១៤​សញ្ជាតិ​។​

​​របាយការណ៍​បញ្ជាក់ថា ករណី​គ្រឿងញៀន ដែល​បង្ក្រាបបាន រួមមាន​៖ ករណី​ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និង​ដាំ​ដុះ​បង្ក្រាប​ចំនួន ៣៩៨៤​ករណី ឃាត់​មនុស្ស​៧៤៦៣​នាក់ (​ស្រី ៥៨៤​នាក់​) និង​ករណី​ប្រើប្រាស់​ចំនួន ២១៨៥​ករណី ឃាត់​មនុស្ស​៤៨១៨​នាក់ (​ស្រី​១៨០​នាក់​)​។ ចំពោះ​ការ​អនុវត្ដ​ន៍​ដីកា​មាន​ចំនួន​២៦៧​ដីកា ឃាត់​២៥០​នាក់ (​ស្រី​៦​នាក់​)​។​

​សារធាតុ​ញៀន​គ្រប់​ប្រភេទ ដែល​រឹបអូស​បាន​មាន​ចំនួន​ជាង ២៩០​គីឡូក្រាម និង ៧៨៩​កញ្ចប់​តូច​, កញ្ឆា​ជាង​២៥០​គីឡូក្រាម​និង សម្ភារ​ចាប់យក​មាន​រថយន្ដ​៧៦​គ្រឿង ម៉ូតូ​១៥២៩​គ្រឿង ទូរស័ព្ទ​៤២៩១​គ្រឿង ជញ្ជីង​២៧៦​គ្រឿង អាវុធខ្លី​១៦​ដើម អាវុធ​វែង​១៧​ដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close