៧​ខែ ដើមឆ្នាំ​នេះ កម្ពុជា នាំចេញ​អង្ករ​សម្រេចបាន​ជិត ៤៣​ម៉ឺន​តោន​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងថា លទ្ធផល​នៃ​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល ៧​ខែ​ដើមឆ្នាំ​២០២០ សម្រេចបាន ៤២៦ ០៧៣​តោន កើនឡើង​ប្រមាណ ១១៨ ០៦០​តោន ស្មើនឹង ៣៨,៣៣% ដែល​ធៀប​ទៅនឹង​រយៈ​៧​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ៣០៨ ០១៣​តោន​។​

​ដោយឡែក សម្រាប់​ខែកក្កដា ឆ្នាំ​២០២០​នេះ សម្រេចការ​នាំចេញ​អង្ករ​បាន ចំនួន ២៨ ៤១៣​តោន កើនឡើង​ចំនួន ១ ៩៣៨​តោន ស្មើនឹង ៧,៣២% ធៀប​ទៅនឹង​ខែឧសភា ឆ្នាំ​២០១៩ ដែល​ក្នុងនេះ​មាន​៖ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ១៨ ៥២៣​តោន​, អង្ករ​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ៩ ២០៨​តោន​, អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន ៦៨២​តោន និង​អង្ករ​ក្រហម​មាន​ចំនួន ២៨,៤១​តោន​។​

​ឯកឧត្តម បន្តថា ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល ៧​ខែ​នេះ មាន​ចំនួន ៥៧​ប្រទេស​៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន ២៤ ក្នុងចំណោម​២៨ ប្រទេស​, ប្រទេស​ចិន​, ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន ២៦ ប្រទេស​។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន ៥ ក្នុងចំណោម ៧០​ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ ។​

​ឯកឧត្តម ក៏​បញ្ជាក់​ផងដែរ​ថា ការនាំចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល ៧​ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩ មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់​៖ សហភាព​អ៊ឺរ៉ុប​កើន​ចំនួន ៣៧,៧០%, ប្រទេស​ចិន​កើន​ចំនួន ២៥,៩១%, បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កើន​ចំនួន ៤៤,០៣%, និង​គោលដៅ​ដ៏ទៃទៀត​បាន​កើនឡើង​ចំនួន ៧២,៤០% ។

​យ៉ាងណាមិញ ការនាំចេញ​ស្រូវ​នៅតាម​ច្រក​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​វៀតណាម ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ​២០២០ មាន​ចំនួន​ជាង ១,១១៥ លាន​តោន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close