អាជ្ញាធរជាតិអប្សរា បន្តជួយសម្រួលដល់ការងារសាងសង់របស់ប្រជាពលរដ្ឋ ក្នុងឧទ្យានអង្គរ
ខេត្តសៀមរាប៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំច្រកទាំង៦ ក្នុងសប្តាហ៍ទី៤នៃខែកក្កដា ឆ្នាំ២០២០ បានទទួលពាក្យស្នើសុំសាងសង់ពីប្រជាពលរដ្ឋធ្វើលំនៅដ្ឋាន សុំជួសជុលសំណង់ស្រាល និងសំណើសុំផ្សេងៗបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សាលារៀន និងស្តារហេដ្ឋារចនាសម្ពន្ធបុរាណ សរុបចំនួន១៩ករណី។
ចំពោះការចុះដល់ទីតាំងស្នើសុំផ្ទាល់ ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋមា្ចស់សំណើ មន្ត្រី-បុគ្គលិកជំនាញចុះពិនិត្យបានចំនួន២១ករណី ហើយបានអនុញ្ញាតនៅក្រុងសៀមរាបចំនួន៥ករណី ស្រុកបន្ទាយស្រីចំនួន៧ករណី ស្រុកអង្គរធំចំនួន៣ករណី ស្រុកប្រាសាទបាគងចំនួន៦ករណី ។
ទាក់ទងនឹងការអនុញ្ញាតឱ្យធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចនេះដែរ ចំពោះប្រជាពលរដ្ឋណាដែលមានលក្ខខណ្ឌគ្រប់គ្រាន់លើការអនុញ្ញាត គឺក្រុមការងារផ្នែកស្ថាបត្យកម្ម ក៏បានជួយរៀបចំគំនូសប្លង់លំនៅដ្ឋានបែបខ្មែរជូនចំនួន១១ករណីផ្សេងទៀត ដូចជា៖ នៅក្រុងសៀមរាបចំនួន១ករណី នៅស្រុកបន្ទាយស្រីចំនួន៣ករណី នៅស្រុកពួកចំនួន១ករណី នៅស្រុកប្រាសាទបាគងចំនួន៥ករណី និងនៅស្រុកអង្គរធំចំនួន១ករណីដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។