ដើម​ក្ងោក​ប្រមាន​ជាង ៣០០​ដើម ដាំ​អម​តាម​សងខាង​ផ្លូវ​បេតុង ជុំវិញ​រមណីយដ្ឋាន​វ​ត្ត​នគរ​បា​ជ័យ ស្រុក​កំពង់សៀម​

​កំពង់ចាម​៖ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២០ លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម និង​ភរិយា បាន​ចូលរួម​ពិធី​ដាំ​ដើម​ក្ងោក​នៅ​ជុំវិញ​បរិវេណ​វត្ត​នគរ​បា​ជ័យ​ក្រៅ ដោយ​មានការ​និមន្ត ចូលរួម​ពី​មន្ត្រី​សង្ឃ មន្ត្រីរាជការ យុវជន សស​យក កងកម្លាំង​ទាំងបី​ប្រភេទ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា យើង​រួមគ្នា និង​នាំគ្នា​ដាំ​ដើម​តាម​ទីសាធារណៈ វត្ត​អារាម បង្កើត​សួន​ដើម ប្រែក្លាយ​ទៅជា​តំបន់​ប៉ៃ​តង់ ដើម្បីអោយ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​ក្នុង​បរិវេណ​វត្ត​នគរ​បា​ជ័យ ដោយ​ស្រូប​ក​ខ្យល់អាកាស​បរិសុទ្ធ និង​ជួយ​ស្រួល​ដល់​ការប្រែប្រួល អាកាសធាតុ ផ្តល់​ម្លប់ ស្រូបយក​ខ្យល់​អ៊ុក​ស៉ី​សែន ក្នុងការ​រស់នៅ និង​តម្រូវការ​ប្រកបដោយ​សេចក្តីសុខ​ទៀតផង​។

​លោក​អភិបាលខេត្ត បានបញ្ជាក់​បន្ថែមទៀត​ថា ប្រទេស​កម្ពុជា​យើង​ជា​តំបន់​ត្រូ​ពេជ្រ ដែល​ងាយស្រួល​ក្នុងការ​ថែ​រទាំ និង​អាកាសធាតុ​ល្អប្រសើរ ពោល​ធ្វើយ៉ាងណា​យើង​រួមគ្នា​ទប់ស្កាត់​ការកាប់បំផ្លាញ់​ព្រៃឈើ និង​បង្កើន​នាំគ្នា​ដាំ​ដើមឈើ​ឡើងវិញ ឲ្យ​បាន​គ្រប់​ទីកន្លែង​ដែល​ជ្រើស​រើសយក​កន្លែង​ដែលមាន​ភាព​ទាក់ទាញ​ផងដែរ​។

​គូសបញ្ជាក់​ផងដែរ​ថា ដើម​ក្ងោក​ប្រមាន​ជាង​៣០០​ដើម ដែល​ត្រូវមាន​គម្លាត​ពី​១​ម៉ែត្រ​កន្លះ ពីគ្នា ត្រូវ​យកមក​ដាំ​អម​តាម​សងខាង​ផ្លូវ​បេតុង​ដែល​ព័ន្ធ​ជុំវិញ​រមណីយដ្ឋាន​វត្ត​នគរ​បា​ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close