អ្នកអវកាសអង្គការ NASA បានវិលត្រឡប់មកផែនដីវិញ ដោយជោគជ័យ

អន្តរជាតិ៖ អវកាសយានិកអាម៉េរិក លោក រ៉ូប៊ឺត បេនខេន និងលោក ឌូកក្លាស់ ហឺលី ដែលបានហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិក្នុងយានថ្មី Crew Dragon របស់ក្រុមហ៊ុន SpaceX បានចុះមកផែនដីវិញតាមយានដដែលនេះនៅឈូងសមុទ្រម៉ិកស៊ិកកាលពីថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដោយជោគជ័យ នេះបើតាមគេហទំព័រអង្គការ NASA នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

អ្នកគ្រប់គ្រងទីភ្នាក់ងារអវកាស NASA លោក ជីម ប្រ៊ីដិនស្ទីន បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថា នេះជាថ្ងៃដ៏អស្ចារ្យសម្រាប់ NASA និងជាថ្ងៃដ៏អស្ចារ្យសម្រាប់សហរដ្ឋអាម៉េរិក… ថ្ងៃនេះយើងពិតជាបានបង្កើតប្រវត្តិសាស្ត្រ ។
សូមបញ្ជាក់ថា អវកាសយានិកអាម៉េរិកទាំងពីរ ដែលស្ថិតនៅទីអវកាសសរុប៦៤ថ្ងៃបានចាកចេញពីស្ថានីយអវកាសអន្តរជាតិកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយបានវិលមកដល់ស្រុកកំណើតវិញនៅលើផ្ទៃទឹកសមុទ្រនៅឆ្នេរ ផេនសាកូឡា រដ្ឋផ្លរីដា នៅម៉ោង២៖៤៨នាទីរសៀលថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) បន្ទាប់ពីការធ្វើដំណើរ២១ម៉ោងនៅលើយាន Crew Dragon៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។