មន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ខណៈថ្ងៃនេះ ក៏មានអ្នកជាសះស្បើយ៣នាក់ដែរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ម្នាក់ទៀត ជាមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ខណៈមានអ្នកព្យាបាលជាសះស្បើយចំនួន៣នាក់ទៀតផងដែរ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី គឺបុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
បុរសរូបនេះបានធ្វើ ដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ដែលលទ្ធផលវិភាគវត្ថុ សំណាកលើកទី៣ នាថ្ងៃទី១៥នៃការធ្វើចត្តាឡីស័ករបស់គាត់ រាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
អ្នកជំងឺត្រូវបានដាក់នៅក្នុងបន្ទប់មួយ ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីធ្វើការព្យាបាលដោយ ក្រុមគ្រូពេទ្យអាមេរិកាំងនៃស្ថានទូតនេះ។ ចំណែកករណីជាសះស្បើយ៣នាក់ គឺជាបុរសជនជាតិខ្មែរ ២នាក់ និងបុរសជនជាតិអាមេរិកកាំងជាមន្ត្រីទូតអាមេរិកម្នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ២៤១នាក់ (ស្ត្រី៤៦នាក់ និងបុរស ១៩៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២០០នាក់ (ស្រី៤៣នាក់ និងបុរស១៥៧នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៣៩នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន០២នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។