កម្ពុជា នឹង​បន្ត​ធ្លាក់ភ្លៀង​រាយប៉ាយ​ពី​តិច​ទៅ​ច្រើន ពិសេស​ប្រុងប្រយ័ត្ន​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី ០៥-១១ ខែសីហា ឆ្នាំ​២០២០​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា តាមរយៈ​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា កម្ពុជា​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្សោយ​។ ស្ថានភាព​បែបនេះ​ធ្វើឱ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។​
​ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត​បរិមាណ​កើនឡើង ពី​តិច​ទៅ​ច្រើន​ជា​លំដាប់ ទន្ទឹមនឹង​វិសាលភាព​រីករាយ​ប៉ាយ​ផងដែរ​។​

២៖ បណ្ដា​ខេត្ត​ទៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​។​

៣៖ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖
– សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C​។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​
​ដោយឡែក​នៅ​ថ្ងៃទី​០៥-០៦ ខែសីហា អាច​នឹងមាន​ភ្លៀង​ខ្លាំង​កើតឡើង​។​

​ជាមួយគ្នានេះ ក្រសួង​អំពាវនាវ​សូម​ប្រជាពលរដ្ឋ បន្ដ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ ដែល​នៅ​បន្ត​កើតមាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close