ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារទឹក ករណីភ្លៀងនៅតែបន្តធ្លាក់, អាជ្ញាធរខេត្តកំពត អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន
ខេត្តកំពត៖ អាជ្ញាធរខេត្តកំពត បានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅតាមដងព្រែកកំពត ប្រុងប្រយ័ត្នខ្ពស់ ខណៈដែលទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារទឹក នៅម៉ោង៤រសៀល ថ្ងៃទី៤ សីហានេះ ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់។
បើយោងតាមលិខិតរបស់ក្រុមហ៊ុនវារិអគ្គិសនីកំចាត ស៊ីណូហាយដ្រូកចាយ ជូនអភិបាលខេត្តកំពត និងអាជ្ញាធរពាក់ពន្ធ័ បានឲ្យដឹងថា នាពេលបច្ចុប្បន្នលំហូរទឹកដែលហូរចូលក្នុងអាងទំនប់វារីអគ្គិសនីកំចាយមានបរិមាណ៥៣១,៥៣ម៉ែត្រគូប ក្នុងមួយវិនាទី ដែលនាំឲ្យកំពស់ទឹកក្នុងអាងបានកើនឡើងដោយដល់១៤៧ម៉ែត្រ៣សង់ទីម៉ែត្រ ហើយបើភ្លៀងនៅតែបន្តធ្លាក់ នោះកំពស់ទឹកនឹងបន្តកើនឡើង។
ក្រុមហ៊ុន បានបញ្ជាក់ថា គេគ្រោងនឹងរំដោះទឹកចេញ ដែលគ្រោងនឹងចាប់ផ្ដើមបើកនៅរសៀលថ្ងៃតី៤សីហា ឬនៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។
រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី៤ សីហា នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមដងព្រែក ឲ្យមានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ ផ្សេងៗ ជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។