អាជ្ញាធរ បដិសេធម្ចាស់គណនីហ្វេសប៊ុកចំនួន២ ករណីផ្សព្វផ្សាយព័ត៌មានទឹកជំនន់ជនលិច ក្នុងខេត្តព្រះសីហនុ
ព្រះសីហនុ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមធ្វើការបដិសេធចំពោះម្ចាស់គណនីហ្វេសប៊ុកចំនួន២ ដែលបានសរសេរខ្លឹមសារដំណឹង និងភ្ជាប់ដោយរូបភាពមិនពិត ធ្វើការផ្សព្វផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម ទី១.ឈ្មោះ “ស្រីណុច online shop” និងទី២.ឈ្មោះ “បង សយ” ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមចាត់ទុកថា ម្ចាស់គណនី facebook ទាំង០២ខាងលើ មានចេតនាទុច្ចរិតបំពុលបរិយាកាសសង្គម និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើស្ថានភាពទឹកជំនន់មានកាលិចលង់ខ្លាំងនៅខេត្តព្រះសីហនុ ដែលការពិតគឺផ្ទុយពីខ្លឹមសារ និងរូបភាពនៃការចុះផ្សាយនោះទាំងស្រុង។ ហើយរូបភាពទាំងនោះ គឺជារូបភាពដែលត្រូវបានគេកាត់តតាមកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យាសុទ្ធសាធ។
ថ្វីបើនារដូវវស្សានេះ ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជាញឹកញាប់ ប៉ុន្តែនៅភូមិសាស្ត្រ នៃទឹកដីខេត្តព្រះសីហនុពុំទាន់មានស្ថានភាពលិចលង់ដោយសារទឹកជំនន់គួរឲ្យកត់សំគាល់នោះនៅឡើយទេ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នើឲ្យម្ចាស់គណនេយ្យហ្វេសបុកទាំង០២ខាងលើ កែតម្រូវខ្លឹមសារដំណឹង និងរូបភាពទាំងនោះជាបន្ទាន់ និងធ្វើការសូមទោសជាសាធារណៈ បើពុំដូច្នោះទេ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត នឹងចាត់វិធានការតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។