អភិបាលខេត្តបាត់ដំបង ចុះពិនិត្យដំណាំស្រូវវស្សាជាច្រើនម៉ឺនហិកតា កំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព
បាត់ដំបង៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចូលរួមដំណើរជាមួយគណៈកម្មការថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យវាយតម្លៃស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវវស្សារបស់បងប្អូនប្រជាកសិករ ក្នុងខេត្តបាត់ដំបង។
ក្រោយពីបានចុះវាយតម្លៃជាក់ស្តែង ក្រុមការងារគណៈកម្មការថ្នាក់ខេត្តបានពិនិត្យឃើញថា ជារួម នៅទូទាំងខេត្តបាត់ដំបង ដំណាំស្រូវវស្សាប្រមាណ៨០% ដែលប្រជាកសិករបានដាំដុះលើផ្ទៃដីប្រមាណជាង ៣៧ម៉ឺនហិកតា មានស្ថានភាពល្អប្រសើរហើយ ២០%ទៀត កំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព។
ដំណាំស្រូវដែលប្រឈមនឹងការខ្វះខាតទឹក គឺសុទ្ធសឹងជាប្រភេទស្រូវបង្កើនរដូវ ដែលមួយចំនួនប្រជាកសិករ បានដាំដុះនៅតំបន់ឆ្ងាយពីប្រភពទឹក និងមួយចំនួនទៀតនៅតំបន់ដែលប្រភពទឹក ត្រូវបានប្រើប្រាស់ស្ទើរអស់ទៅលើការបង្កបង្កើនផលស្រូវប្រាំង និងស្រូវដើមរដូវកន្លងទៅ ។
សូមបញ្ជាក់ជូនថា សម្រាប់ខេត្តបាត់ដំបង ចាប់តាំងពីដើមរដូវវស្សាមកដល់ពេលនេះ ទទួលបានរបាយទឹកភ្លៀងក្នុងកម្រិតតិចតួច និងមិនបានរាយប៉ាយសព្វគ្រប់ទីកន្លែងនោះទេ។ ការធ្លាក់ភ្លៀងមិនបានល្អនេះ បានធ្វើឱ្យការបង្កបង្កើនផលស្រូវវស្សានៅតំបន់មួយចំនួនប្រឈមនឹងការខ្វះខាតទឹក ។
បើទោះបីជាស្ថានភាពអាកាសធាតុមិនអំណោយផល ប៉ុន្តែតាមរយៈបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង បញ្ហាខ្វះខាតទឹកត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ ក៏ត្រូវបានប្រមូលផលជាបណ្តើរៗផងដែរ ជាមួយនឹងទិន្នផលយ៉ាងល្អប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។