ឯកឧត្តម ជាវ តា​យ ពិភាក្សា​លើ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ៤៥​នាក់ ក្នុងឱកាស​បុណ្យអុំទូក ខាងមុខ

​ខេត្តកំពត​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក្នុងឱកាស​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ នាពេល​ខាងមុខនេះ​។ សមាសភាព​អញ្ជើញ​ចូលរួម​៖ ឯកឧត្តម អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កងកម្លាំង អង្គភាព​ពន្ធនាគារ​ខេត្ត មន្ត្រី​ជំនាញ​ចំណុះ​សាលាខេត្ត សរុប ១៤​នាក់​។​

​សូមជម្រាបថា ទណ្ឌិត ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ចំនួន ៤៥​នាក់ (​ស្រី​០១​នាក់​) រួមមាន​៖
-​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយ​:​ពេល ៦​ខែ មាន​ចំនួន ២២​នាក់ ស្រី​០១​នាក់​
-​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយ​:​ពេល ៩​ខែ មាន​ចំនួន ០៩​នាក់ ស្រី​០០​នាក់​
-​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយ​:​ពេល ១២​ខែ មាន​ចំនួន ០៣​នាក់ ស្រី​០០​នាក់​
-​ស្នើសុំ​លើកលែងទោស មាន​ចំ​នួ​១១​នាក់​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ជាវ តា​យ មានប្រសាសន៍ ស្នើ​ឲ្យ​សមាជិក សមាជិកា​អង្គប្រជុំ ត្រូវតែ​ពិនិត្យ​ពិចារណា​ឲ្យ​ល្អិតល្អន់ ថា​តើ​ទណ្ឌិត​ទាំងអស់នេះ​សាក​សម​នឹង​បន្ធូរ​បន្ថយទោស រឺ​មិនគួរ ដោយ​ផ្អែកទៅលើ​ប្រភេទ​បទល្មើស រយះពេល​នៃ​ការអនុវត្ត​ទោស និង​ការកែខ្លួន​របស់​ទណ្ឌិត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ក៏ដូចជា​ទណ្ឌិត​ដែលមាន​ការកែ​ប្រែខ្លួន​។

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ស្នើ​ឲ្យ​ពិចារណា បន្ធូរ​បន្ថយទោស ឬ​លើកលែងទោស​ដល់​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន កម្រិត​តិចតួច ដើម្បី​បន្ធូរបន្ថយ​ការចំណាយ​របស់​រដ្ឋ ក៏ដូចជា​ការកាត់បន្ថយ​ការ​ណែន​ចង្អៀត​ក្នុង​ពន្ធនាគារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close