ពេញ១ខែកក្កដា នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%។
ជាការកត់សម្គាល់ ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃក្នុងមុនកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃ ខណៈដែលអាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ។
ប៉ុន្តែចំនួនភ្ញៀវហាក់មានភាពថមថយនៅសប្តាហ៍ចុងក្រោយនៃខែកក្កដានេះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស ព្រមជាមួយពត៌មាននៃការផ្ទុះឡើងវិញមួយចំនួននៃជំងឺកូវីដ១៩ នៅប្រទេសជិតខាង។
នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានការយកចិត្តទុកដាក់ខិតខំជំរុញការអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការចុះណែនាំ និងតាមដានការអនុវត្តជាប្រចាំពីគណៈអភិបាលខេត្ត និងមន្ទីរជំនាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។