ឯកឧត្តម គួច ចំរើន ស្នើ​ឲ្យ​​អូស្ត្រាលី ជួយ​គៀងគរ​អ្នកវិនិយោគ ភ្ញៀវ​ទេសចរណ៍ ចូលមក​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ ​ឯកឧត្តម ប៉ា​ប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លើ​កិច្ចការ​សុខាភិបាល និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ទីក្រុង​វៃឆ្លាត​។​

​នាឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​ជម្រាបជូន ឯកឧត្តម ប៉ា​ប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី អំពី​ស្ថានភាព​ភូមិសាស្ត្រ និង​ការអភិវឌ្ឍន៍​នៃ​ខេត្ត​ព្រះសីហនុ និង​បានលើកឡើង​អំពី​ផែនការ​យុទ្ធសាស្ត្រ​ទីក្រុង​វៃឆ្លាត ដោយ​ស្នើឱ្យ​មានការ​បណ្តុះបណ្តាល​លើ​វិស័យនេះ​ផងដែរ​។​

​ឯកឧត្តម ប៉ា​ប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី បានធ្វើការ​វាយតម្លៃ​ខ្ពស់​លើ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ខេត្ត​ព្រះសីហនុ ជាពិសេស​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​អភិបាលខេត្ត នៃ​គណៈ​អភិបាលខេត្ត ក្នុងនោះ​ឯកឧត្តម ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​ជួយសង្គ្រោះ​នាវា MS Westerdam នាពេល​កន្លងមក ដែល​ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់ ក៏មាន​ប្រជាជន​អូស្ត្រាលី​ផងដែរ​។ ហើយ​ថ្មីៗ​នេះ ជួយ​ដល់​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​ដែល​បាន​ជាប់គាំង​នៅលើ​កោះរ៉ុង​សន្លឹម​ត្រឡប់មក​លើដី​គោក​វិញ ជាមួយ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដោយ​សុវត្ថិភាព​។

​ឯកឧត្តម ក៏បាន​បន្ថែមទៀតថា កន្លងមក​រាជរដ្ឋាភិបាល​អូស្ត្រាលី បាន​សហការ និង​ជួយ​គាំទ្រ​លើ​វិស័យ​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ មានដូចជា​សុខាភិបាល កសិកម្ម គម្រោង Smart City និង​គម្រោង​មួយចំនួនទៀត​នៅ​មូលដ្ឋាន​សមុទ្រ​រាម​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​សម្តែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ប៉ា​ប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ និង​ស្នើសុំ​ឯកឧត្តម​ឯកអគ្គ​រាជ​បន្ត​កិច្ចសហការ​គាំទ្រ និង​ជួយ​គៀងគរ​អ្នកវិនិយោគ ភ្ញៀវ​ទេសចរណ៍ និង​អ្នកការទូត​ឱ្យ​ចូលមក​បណ្តាក់​ទុក ទស្សនា​កំសាន្ត ក៏ដូចជា​សិក្សា​ស្វែងយល់​ពី​សក្តានុពល​ខេត្ត​ព្រះសីហនុ​ឱ្យបាន​កាន់តែច្រើន ដើម្បី​ជួយ​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close