អាមេរិក គ្រោងចាយប្រាក់១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីទិញវ៉ាក់សាំង COVID-19
អាមេរិក៖ រដ្ឋាភិបាលអាម៉េរិកនឹងចំណាយប្រាក់១ពាន់លានដុល្លារលើវ៉ាក់សាំង COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសថ Johnson & Johnson ដោយធានាបាននូវថ្នាំចំនួន១០០លានដូស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
ជាមួយនឹងកិច្ចព្រមព្រៀងចុងក្រោយនេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចំណាយថវិកាចំនួន៩.៤ពាន់លានដុល្លាររួចមកហើយ លើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង ដោយមានក្រុមហ៊ុនចំនួន ៥ យល់ព្រមផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ ៧០០លានដូស។
ថវិកាថ្មីខាងលើនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន J&J បង្កើនផលិតកម្ម ដូច្នេះវ៉ាក់សាំង COVID-19 នឹងត្រៀមរួចរាល់សម្រាប់ការដឹកជញ្ជូន នៅពេលដែលថ្នាំទទួលបានការយល់ព្រមតាមបទប្បញ្ញត្តិ។
សូមបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិកក៏មានជម្រើសក្នុងការទិញវ៉ាក់សាំងបន្ថែមផងដែរ ដើម្បីចាក់បង្ការប្រជាជនចំនួន៣០០លាននាក់ ខណៈសហរដ្ឋអាម៉េរិកក៏បានចំណាយប្រាក់រាប់ពាន់លានដុល្លារ សម្រាប់សាងសង់កន្លែងផលិតនៅក្រុមហ៊ុនដែលផលិតសឺរ៉ាំង និងកូនដបដាក់ថ្នាំផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។