គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់​-​បាន​ណង​អៀន គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល ២១​ខែ​ទៀត​

​បន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​បច្ចេកទេស​នៃ​ការសាងសង់​អគារ​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាល ប្រធាន​មន្ទីរ មន្ត្រី​ជំនាញ តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស​ផងដែរ​។​

​បេសកកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យមើល​វឌ្ឍនភាព បច្ចេកទេស​នៃ​ការសាងសង់ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា រួមទាំង​អគារ​រដ្ឋបាល​នៅ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់​-​បាន​ណង​អៀន ឱ្យមាន​គុណភាព​ខ្ពស់ ស្របតាម​បទដ្ឋាន បច្ចេកទេស​ដូច​មានចែង​ក្នុង​កិច្ចសន្យា ឬ​សៀវភៅ​បន្ទុក ក៏ដូចជា​ដើម្បី​ព​ន្លឿ​ន​ការងារ​សាងសង់​ឱ្យបាន​រួច រាល់​តាម​កិច្ចសន្យា​ដែល​បានកំណត់​។​

​សូម​បញ្ជក់​ថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​រួមមាន​៖ អគារ​ច្រក​ត្រួតពិនិត្យ​ព្រំដែន សំណង់​អគារ​អន្តេវាសិកដ្ឋាន ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ ‌​​”​ឃ្លាំង និង​ទីលាន​កុង​ទី​ន័​រ​” និង​អគារ​រដ្ឋបាល​ជាដើម សាងសង់​ដោយ​ក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និង​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយ​ថវិកា​ប្រមាណ ៨៣៥.២៥០.១៦៨​បាត ក្រោម​គម្រោង​ឥណទាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​(NEDA) ចំណាយពេល​២៤​ខែ គិត​រហូតមកដល់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ នេះ គម្រោង​នេះ​សម្រេចបាន​ប្រមាណ​៥%​ហើយ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ការអនុវត្ត​គម្រោង​នេះ​មានការ​យឺតយ៉ាវ​រយៈពេល​២​ខែ​ធៀប​នឹង​កិច្ចសន្យា និង​ផែន​ការដែល​បានកំណត់ ដោយសារ​កត្តា​មេរោគ​កូ​វីដ​១៩ និង​រដូវភ្លៀង ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន សាងសង់​បាន​ប្តេជ្ញា​បញ្ចប់​គម្រោង​នេះ​ឱ្យ​ចប់សព្វគ្រប់​តាម​កិច្ចសន្យា​និង​ផែនការ​ដែល​បាន​គ្រោងទុក​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាងសង់​ថៃ​ព​ន្លឿ​ន​ការងារ​សាងសង់ របស់ខ្លួន និង​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ ដើម្បី​រិះរក​នីតិវិធី​បើក​ច្រក​ស្ទឹង​បត់​នេះ​ជា​បណ្ដោះអាសន្ន ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន ប៉ុន្តែ​ត្រូវបំពេញ​ឯកសារ​ពាក់ព័ន្ធ​នៅ ច្រកទ្វារព្រំដែន​ប៉ោយប៉ែត ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។​

​គួរ​កត់សម្គាល់ថា ការបើក​ច្រកព្រំដែន​ត្រង់ចំណុច​ស្ទឹង​បត់​-​បាន​ណង​អៀន​នេះ នឹង​បើកឱកាស​យ៉ាង​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ដែន ការបង្កើត​ការងារ​ធ្វើ និង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ សំដៅ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​នៃ​ប្រជា ជាតិ​ទាំងពីរ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close