គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន សម្រេចបាន​ប្រមាណ ៧០%​ហើយ​

​ខេត្តបាត់ដំបង​៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន នៅក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០​។​

​សូមជម្រាបថា គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ​។ គម្រោង​នេះ បានចាប់ផ្តើម​ធ្វើការ​សាងសង់​កាលពី​ខែមករា ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២១​។ គិត​មកដល់​ថ្ងៃនេះ ការងារ​សម្រេចបាន​ប្រមាណ ៧០% លើ​ទំហំ​ការងារ​សរុប​របស់​គ​ម្រោ​ង​។

​បន្ទាប់ពី​ការសាងសង់​ត្រូវបាន​បញ្ចប់ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​បាន​ចំនួន ១១.០០០ ហិកតា ផ្ទៃដី​ស្រូវប្រាំង​បាន ចំនួន ៤.០០០​ហិកតា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន គឺជា​ក្តី​ស្រមៃ​របស់ខ្ញុំ​ជា​យូរណាស់​មកហើយ ដែល​ចង់បាន​នូវ​សំណង់​ដូចនេះ ពេលនេះ​បាន​ក្លាយជា​ការពិតហើយ​។ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ជា​ប្រព័ន្ធធារាសាស្ត្រ​មួយ​ស្ថិតនៅលើ​ដងស្ទឹង​សង្កែ ដែលមាន​ប្រព័ន្ធ​បញ្ជា​ដោយ​ស្វ័យប្រវត្តិ​តាមរយៈ​កុំព្យូទ័រ ហើយក៏​ជា​គម្រោង​ទី ៣ បន្ទាប់ពី​គម្រោង​ពហុ​បំណង​សេក​សក និង​ទំនប់​ក​ង្ហ​ត ក្នុងការ​ស្ទាក់​ទឹក​ទុក មុននឹង​ហូរ​ទៅ​ទន្លេសាប​។​

​គម្រោង​នេះ មិន​ត្រឹមតែ​ផ្តល់​ទឹក​សម្រាប់​បម្រើ​ឲ្យ​ការងារ​ស្រោចស្រព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង​ស្រុក​ថ្មគោល ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​ផ្ទាល់​តែម្តង មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ បញ្ចៀស​បាន​នូវ​ការ​គម្រាមកំហែង​ពី​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត ដែល​តែងតែ​យាយី​ជា​រៀងរាល់ឆ្នាំ ផងដែរ​។

​មិនតែប៉ុណ្ណោះ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ក៏​ជា​តំបន់​ទេសចរណ៍ និង​ជា​កន្លែង​កំសាន្ត​ដ៏​ទាក់ទាញ​មួយ សម្រាប់​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន​ចូលមក​កាន់​ខេត្ត​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close