អាជ្ញាធរ ចុះ​បិទ​ទីតាំង​បៀរហ្គាឌិន ៤​កន្លែង​ទៀត ក្នុង​ក្រុង​សៀមរាប

​ខេត្តសៀមរាប​៖ កាលពី​យប់ ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប បាន​បន្ត​ចុះ​ផ្អាក​សកម្មភាព​ទីតាំង​បៀរហ្គាឌិន ចំនួន ៤​កន្លែង​ទៀត នៅក្នុង​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​លួច​បើក​អាជីវកម្ម​ល្មើ​សនឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងដំណាក់កាល​នៃ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩​។​

​ទីតាំង​បៀរហ្គាឌិន​ទាំង ៤​កន្លែង​ខាងលើ រួមមាន​៖ ទី​១-​សែនសប្បាយ ហ្កា​ឡាក់​ស៊ី អាជ្ញា​បណ្ណ​ទេសចរណ៍ ហួស​សុពលភាព​, ទី​២- សែន​មនោ​រម្យ ក្លា​ស៊ី​ក​៥ គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​, ទី​៣-​សែន​មនោ​រម្យ ក្លា​ស៊ី​ក គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ និង​ទី​៤- ផ្លា​ទី​នឹម សែនសប្បាយ គ្មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​។​

​អាជ្ញាធរ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​២៧ ខែកក្កដា រហូតដល់​ថ្ងៃទី​៤ សីហា ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប បាន​ចុះ​បិទ​ហាង​បៀរហ្គាឌិន​ប​ណ្ណោះ​អាសន្ន​ចំនួន ១១​កន្លែង​ហើយ ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​សាលា​កំរើក និង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដោយសារ​ល្មើ​សនឹង​បម្រាម​របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​ក្រោយពី​បិទ​បណ្ដោះអាសន្ន ក្រុមការងារ​បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម ដាក់ពាក្យ​ស្នើសុំ​ច្បាប់​នៅ​ច្រកចេញចូល​តែមួយ​រដ្ឋបាលខេត្ត និង​អនុវត្តតាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ដើម្បី​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ទើប​អាច​បើក​ដំណើរការ​អាជីវ​កម្មបាន​វិញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close