គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបង់ សម្រេចការសាងសង់បាន ២៦%ហើយ
ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី៦ សីហា ម្សិលមិញ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ហើយក៏ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ផងដែរ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ។ គិតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ២៦ % លើទំហំការងារសរុបរបស់គម្រោង ។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣៣. ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបានចំនួន ៤.៥០០ ហិកតា ។
នាក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី គឺជាប្រព័ន្ធធារាសាស្ត្រថ្មីមួយជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែលសំណង់នេះ ជាប្រភេទទំនប់ធំ ដែលការសាងសង់តម្រូវឲ្យប្រើប្រាស់វិធីសាស្ត្រថ្មី មិនដែលអនុវត្តន៏នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្ត្រមិនអនុគ្រោះ និងវិធីសាស្ត្រពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម ។
គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សា និងនៅរដូវប្រាំង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ។ លើសពីនេះ ទំនប់ដូនទ្រី ក៏នឹងមានលទ្ធភាពផ្គត់ផ្គង់មួយផ្នែកនូវទឹកសម្រាប់ការស្រោចស្រពទៅឲ្យគម្រោងនៅផ្នែកខាងក្រោម ដូចជា អនុគម្រោងពោធិកាណាល់ និងអនុគម្រោងរាមគុណ តាមរយៈស្ទឹងដូនទ្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។