កម្ពុជា រំពឹងថា អាច​នាំចេញ​ជ័រកៅស៊ូ ៣៥​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០២០

​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា រំពឹងថា នឹង​អាច​ប្រមូល​ផល​ជ័រកៅស៊ូ និង​នាំចេញ​បាន​៣៥​ម៉ឺន​តោន​។ នេះ​បើតាម​ឯកឧត្តម ប៉ុល សុ​ផា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​»​។

​ឯកឧត្តម ប៉ុល សុ​ផា បាន​ថ្លែង​ទៀតថា បច្ចុប្បន្ន កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ ប្រមាណ​ជាង ៤១​ម៉ឺន​ហិកតា​ទូទាំងប្រទេស ដែល​រាយប៉ាយ​ទៅលើ​២០​ខេត្ត​។ សម្រាប់​ផលិតផល​កៅស៊ូ​បច្ចុប្បន្ន ប្រមូល​ផល​លើ​ផ្ទៃដី​២៩​ម៉ឺន​ហិកតា ដែល​រំពឹងថា ប្រមូល​ផល​ក្នុង​ឆ្នាំ​២០២០​នេះ នឹង​សម្រេចបាន​ប្រមាណ ៣៥​ម៉ឺន​តោន​។

​ក្នុង​រយៈពេល​៦​ខែ​កន្លងមកនេះ យើង​បាន​នាំចេញ​ចំនួន​ជាង ១០​ម៉ឺន​តោន​ហើយ​»​។ បច្ចុប្បន្ននេះ​តម្លៃ​កៅស៊ូ​បាន​កើនឡើង​បន្តិច គឺ​កើន​ពី​១៣០០​ដុល្លារ ដល់ ១៤០០​ដុល្លារ​ក្នុង​១​តោន​។ សម្រាប់​ទីផ្សារ​នាំចេញ​កៅស៊ូ មានដូចជា​៖ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ចិន និង​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​។​

​សូមជម្រាបថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ កម្ពុជា​នាំចេញ​កៅស៊ូ​បាន​១២៣,១៥១​តោន កើនឡើង​១៨​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។​ ​តម្លៃ​លក់​កៅស៊ូ​ជា​មធ្យម​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០ គឺមាន​តម្លៃ​១,៣០៥​ដុល្លារ​ក្នុង​មួយ​តោន បាន​ថយចុះ​ចំនួន​៣៣​ដុល្លារ​ក្នុង​មួយ​តោន ស្មើនឹង​២.៤៧​ភាគរយ ធៀប​នឹង​រយៈ​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។ ដូច្នេះ​ទំហំ​នៃ​ការនាំចេញ​ជ័រកៅស៊ូ​របស់​កម្ពុជា នៅ​ឆមាស​ទី​១ ឆ្នាំនេះ មាន​ទឹកប្រាក់​ជាង​១៦០​លាន​ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close