បារាំង អំពាវនាវឱ្យបើកការស៊ើបអង្កេតជាអន្តរជាតិ ករណីផ្ទុះដ៏កក្រើកនៅប្រទេសលីបង់
លីបង់៖ ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្តរជាតិមួយ ពាក់ព័ន្ធនឹងករណីផ្ទុះដ៏កក្រើកនៅកំពង់ផែរដ្ឋធានីបេរូត ដែលបានធ្វើឱ្យមនុស្សស្លាប់កើនដល់១៣៧នាក់ និងរបួសជាង៥ពាន់នាក់ ព្រមទាំងបណ្តាលឱ្យប្រទេសលីបង់ខាតបង់ថវិការាប់ពាន់លានដុល្លារ នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។
ថ្លែងប្រាប់អ្នកយកព័ត៌មានអំឡុងដំណើរទស្សនកិច្ចដ៏ខ្លីមួយទៅកាន់រដ្ឋធានីបេរូត ប្រទេសលីបង់ លោក ម៉ាក្រុង បាននិយាយថា ការស៊ើបអង្កេតជាអន្តរជាតិដោយបើកចំហ និង មានតម្លាភាពគឺចាំបាច់ ដើម្បីទប់ស្កាត់កុំឱ្យមានរឿងផ្សេងៗលាក់កំបាំង និង កុំឱ្យមានការសង្ស័យ ។
លោក ម៉ាក្រុង និយាយថា ដើម្បីជួយបន្ធូរបន្ថយវិបត្តិនេះ សន្និសីទអន្តរជាតិស្តីពីជំនួយសម្រាប់លីបង់ នឹងត្រូវរៀបចំឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោក បានសង្កត់ធ្ងន់ថា ជំនួយដែលនឹងរៃអង្គាសនៅក្នុងសន្និសីទនេះ នឹងត្រូវចែកចាយដល់ដៃប្រជាជន អង្គការផ្តល់ជំនួយនានា និងក្រុមការងារ ដែលត្រូវការវានៅនឹងកន្លែងជាក់ស្តែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។