អភិបាលខេត្តព្រះសីហនុ ស្នើថៃ បន្តការគាំទ្រលើកិច្ចការបង្ក្រាបគ្រឿងញៀន និងការពារសុវត្ថិភាពលើផ្លូវសមុទ្រ
ព្រះសីហនុ៖ កាលពរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
នាឱកាសនោះឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា កន្លងមកមាននាវាកងទ័ពជើងទឹករបស់ថៃចំនួន ២៦គ្រឿង ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយអាជ្ញាធររបស់យើងមានកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អ និងបានធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។
ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ បានធ្វើការវាយតម្លៃខ្ពស់លើការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងនោះដែរឯកឧត្តម បានមានប្រសាសន៍ថាខេត្តព្រះសីហនុ ជាខេត្តជាប់មាត់សមុទ្រ ប្រកបដោយសក្តានុពល ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ចូលមកកំសាន្ត និងធ្វើការបណ្តាក់ទុនរកស៊ីដែលជាផ្នែកមួយក្នុងការជួយជម្រុញកំនើនសេដ្ឋកិច្ចជាតិ ក្នុងនោះនៅខេត្តព្រះសីហនុ ក៏មានអ្នកវិនិយោគ ជាជនជាតិថៃមួយចំនួនបានមកបណ្តាក់ទុនរកស៊ីនៅទីនេះផងដែរ។
ជាមួយគ្នា ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ បន្តការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការបង្ការបង្ក្រាបគ្រឿងញៀន ការពារសុវត្ថិភាពលើផ្លូវសមុទ្រ និងការអភិវឌ្ឍធនធានមនុស្ស ទៅលើវិស័យនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។