ប្រាសាទបាយក្អែក នឹងរៀបចំឱ្យក្លាយជាសារមន្ទីរលម្ហ
ខេត្តសៀមរាប៖ ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។
ច្ចុប្បន្ន ប្រាសាទនេះ មានស្ថានភាពបាក់បែកទ្រុឌទ្រោម នៅសល់តែគ្រឹះ ហើយមានរចនាសម្ពន្ធប្រាសាទ សម្ភារ ស្លាកស្នាមនៅសល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វប្រាជ្ញបារមីតារចនាបថបាយ័ន្ត និងសសរពេជ្រ ដែលតាមអ្នកជំនាញ សន្និដ្ឋានថា ប្រាសាទនេះសាងសង់ឡើងនៅចុងស.វ.ទី១២ តាមរចនាបថបាយ័ន្ត។
នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើន ដែលមនុស្សរស់នៅ ហើយប្រហែលជាអាចមានមនុស្សរស់នៅមុនមានប្រាសាទក៏ថាបាន។
ក្នុងឱកាសចុះពិនិត្យការដ្ឋានកំណាយប្រាសាទបាយក្អែក នៅដើមសប្តាហ៍នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្រេចជាមួយអ្នកជំនាញពាក់ព័ន្ធ រួមគ្នាលើកតម្លៃប្រាសាទបាយក្អែក ឱ្យក្លាយជាសារមន្ទីរលម្ហ ដើម្បីទាក់ទាញទេសចរ និងអភិរក្សសំណង់ប្រាសាទឱ្យផុតពីហានីភ័យ។
ក្រុមការងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាកកាយ និងការរៀបចំពិធីផ្សេងៗផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។