ថៃ បន្តរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ១៥នាក់ទៀតហើយ
ថៃ៖ ប្រទេសថៃ នៅថ្ងៃសុក្រនេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១៥នាក់ថ្មីបន្ថែមទៀត សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ក្នុងនោះ មាន១៤នាក់មកពីតំបន់មជ្ឈិមបូព៌ា ខណៈដែលម្នាក់ទៀតមកពីជប៉ុន។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមនេះ មាន៤នាក់មកពីអេហ្ស៊ីប មានវ័យចាប់ពី២២ ដល់ ២៨ឆ្នាំ ដែលបានមកដល់កាលពីថ្ងៃទី២៤ កក្កដា ធ្វើដំណើរមកជាមួយអ្នកដំណើរ៥នាក់ទៀតដែលរកឃើញថាឆ្លងដែរ ថ្មីៗនេះ។
១០ករណីទៀតគឺធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីតហើយម្នាក់ទៀតមកពីជប៉ុន កាលពីថ្ងៃទី២៥ កក្កដា។ ពួកទាំងអស់សុទ្ធតែត្រូវបានរកឃើញ ក្រោយធ្វើចត្តាឡីស័ក។
ចំនួនអ្នកជំងឺកូវីដ១៩ នៅប្រទេសថៃ គិតត្រឹមថ្ងៃទី៧ សីហានេះ កើនដល់៣៣៤៥នាក់ហើយ ប៉ុន្តែជាសះស្បើយចំនួន៣១៤៨នាក់ ខណៈដែលអ្នកជំងឺ១៣៩នាក់កំពុងសម្រាកព្យាបាល ហើយអ្នកស្លាប់នៅតែមានចំនួន៥៨នាក់ដដែល តាំងពីថ្ងៃទី២ មិថុនាមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។