កម្ពុជា ប្រកាស​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៣​នាក់​ទៀត នាំចូល​ពី​ឥណ្ឌូនេស៊ី ខណៈ​ព្យាបាល​ជាសះស្បើយ​២​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ​ថា បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៣​នាក់​ទៀត ជា​ករណី​នាំចូល​ពី​ប្រទេស​ឥណ្ឌូនេស៊ី​។ ទន្ទឹមនឹង​ការរកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ករណី​ថ្មី ក៏មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ផងដែរ​។​

​ក្រសួង​បានឱ្យដឹងថា បុរស​ទាំង​៣​នាក់​នេះ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​តាម​ជើងហោះហើរ​មក ដល់​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។ បច្ចុប្បន្ន អ្នក​ទាំង​៣​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ព្រះ​នរោត្តម​សីហនុ​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ​។​

​ដោយឡែក​អ្នក​ដែល​ព្យាបាល​ឱ្យ​ជាសះស្បើយ គឺជា​បុរស​ជនជាតិខ្មែរ​ទាំង​២​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​រុ​ស្ស៉ី ដែល​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា ដោយ​ទទួល​ពី​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​ចាក់អង្រែ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ កម្ពុជា មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៥១​នាក់ ស្ត្រី ៤៩​នាក់ និង​បុរស ២០២​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ២១៩​នាក់ មាន​ស្ត្រី ៤៦​នាក់ និង​បុរស​១៧៣​នាក់ និង​ដោយឡែក​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប ៣២​នាក់​។ ក្នុងនោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន ០២​នាក់ (​ស្ត្រី​ជនជាតិ​កាណាដា ០១​នាក់ និង​ស្ត្រី ជា​កងទ័ព​មួក​ខៀវ ០១​នាក់ ដែល​បាន​បញ្ជូន​មកពី​មន្ទីរពេទ្យ​ជ័យ​ជំ​នៈ​ខេត្តកណ្ដាល នៅ​ថ្ងៃ ទី​០៩ ខែសីហា ឆ្នាំ​២០២០)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close