អាជ្ញាធរខេត្តឧត្ដរមានជ័យ ជំរុញឲ្យមានការចូលរួមលើកកម្ពស់វប្បធម៌ជាតិ របស់ជនជាតិដើមភាគតិច

ខេត្តឧត្ដរមានជ័យ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ជម្រុញបែបនេះ នៅក្នុងការប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២៦ ក្រោមប្រធានបទ នវានុវត្តន៍ដើម្បីអានាគតបៃតង និងភាពធន់របស់ជនជាតិភាគតិចទៅនឹងកូវីដ-១៩ ដោយមានសមាសភាពចូលរួមជាង១០០នាក់ផងដែរ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ។

ឯកឧត្ដម ប៉ែន កុសល្យ បានលើកឡើងថា ការប្រារព្ធទិវានេះគឺចង់បញ្ជាក់ពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងតែយកចិត្តទុកដាក់ពីការលើកកម្ពស់សិទ្ធិរស់រាន របស់បងប្អូនជនជាតិដើមភាគតិច ដោយបានផ្ដល់នូវឱកាសការទទួលស្គាល់ និងផ្តល់សិទ្ធិឲ្យបងប្អូនជនជាតិដើមភាគតិចដោយពេញលេញ ក្នុងការការពារធនធានធម្មជាតិ ការបញ្ចេញមតិយោបល់ រាល់សកម្មភាព ក្នុងការងារអភិវឌ្ឍន៍ប្រទេសជាតិទាំងមូលផងដែរ។
យ៉ាងណាម៉ិញ ឯកឧត្ដម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើរឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមលើកកម្ពស់វប្បធម៌ជាតិ ប្រពៃណីទំនៀមទំលាប់ ដើម្បីរក្សាបាននូវអត្តសញ្ញាណ របស់បងប្អូនជនជាតិដើមភាគតិច និងលើកកម្ពស់ក្នុងការអភិរក្ស និងការពារ ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ជាពិសេសរួមគ្នាផ្សព្វផ្សាយ ការពារនិងទប់ស្កាត់ នៃការរីករាលដាលកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។