អាងទឹកតាម៉ុក កម្ពស់ទឹកហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ

ខេត្តឧត្តរមានជ័យ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានបញ្ជាក់ថា នៅវេលាម៉ោង៦ ២០នាទីព្រឹក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កម្ពស់ទឹក បានហក់ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។

ក្រសួង បញ្ជាក់ទៀតថា កម្ពស់ទឹកក្នុងអាង ៣,៩០ម៉ែត្រ ធៀបនិងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ កើនឡើង ០,០៧ម៉ែត្រ។ កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ។
សូមជម្រាបថា ក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កបានទៅជាជំនន់ទឹកភ្លៀង ដែលបាននឹងកំពុងហក់ឡើងនៅស្ពានអូរជីក នៅចំណុចបឹងតាម៉ុក។ ទឹកជំនន់នេះ បានហក់ឡើងខ្លាំង ស្ទើរតែជន់លិចស្ពានឈានចូលដល់ការប្រកាសអាសន្ន ខណៈពេលមានទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់គ្នា។

ស្ពានអូរជីកនេះ កន្លងមក ជារៀងរាល់ឆ្នាំតែងតែកើតមានទឹកជំនន់ហូរចេញពីបឹងតាម៉ុក ជន់លិចស្ពាន រួមទាំងទីលំនៅឋានរបស់ប្រជាពលរដ្ឋផងដែរ។ ប្រសិនបើទឹកភ្លៀងនៅតែបន្តធ្លាក់ទៀតនោះ អាចនឹងជន់លិចតែម្តងខណៈនេះពលរដ្ឋកំពុងមានការព្រួយបារម្ភ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។